គ្រូបង្វឹកក្រុម Villarreal​ លោក Unai Emery បានចាត់ទុកក្រុមហង្សក្រហម Liverpool ថាជាក្រុមល្អបំផុតហើយនៅលើលោកនេះ មុនប៉ះគ្នាជើងទី២ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅរាត្រីនេះ។

កាលពីជើងទី១កន្លងទៅ ក្រុម Villarreal របស់លោក Emery បានចាញ់ក្រុម Liverpool រូចទៅហើយក្នុងលទ្ធផល ២-០។ ដូច្នេះនៅជើងទី២នេះ ពួកគេនឹងពិបាកជាក់ជាមិនខាន ព្រោះត្រូវសម្រុកដើម្បីមានគ្រាប់បាល់អាចឡើងទៅវគ្គបន្ដបាន។ ខណៈដែលជើងទី១កន្លងទៅ លេងនៅអង់គ្លេស គឺក្រុម Villarreal មិនមានឱកាសស៊ុតសោះ ដោយទាត់បាន១ជើងគត់ ហើយខុសគោដៅថែមទៀត។

ដោយសារតែក្រុម Liverpool លេងល្អយ៉ាងនេះហើយ ទើបបានជាលោក Emery បាននិយាយថា៖ “យើងត្រូវលេងឱ្យល្អបំផុត យើងបានដឹងហើយថាពួកគេល្អកម្រិតណា និងកំណត់ត្រារបស់ពួកគេអ្វីខ្លះ។ យើងត្រូវធ្វើឱ្យល្អបំផុត ធ្វើរឿងដែលមិនធ្លាប់ធ្វើពីមុនមកទើបអាចយកឈ្នះពួកគេបាន។ Liverpool នៅពេលនេះជាក្រុមល្អបំផុតលើលោកនេះហើយ”៕

ប្រភព៖ Dailymail