គ្រូបង្វឹកក្រុម Paris Saint-Germain លោក Mauricio Pochettino បានសម្លឹងឃើញឪកាសវិលត្រលប់ទៅដឹកនាំអតីតក្លឹប Tottenham Hotspurរបស់លោកវិញនាពេលខាងមុខយោងតាមការចុះផ្សាយរបស់គេហទំព័រ Talksport ។គួរបញ្ជាក់ថាអនាគតរបស់ អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនបច្ចុប្បន្នជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល បន្ទាប់ពីមានពត៌មានលើកឡើងថាអតីតគ្រូបង្វឹក Real Madrid លោក Zinedine Zidane គឺជាបេក្ខភាពដ៏ស័ក្តសមដែលនិងអាចចូលមកជំនួសតំណែងបុរសវ័យ ៥០ ឆ្នាំរូបនេះ ។ PSG ក៏កំពុងត្រៀមលក្ខណៈសម្រាប់ការប្រកួតជើងទីពីរជាមួយ Real Madrid នៅសប្តាហ៏ក្រោយ ដើម្បីសម្លឹងឪកាសឆ្លងទៅវគ្គ ៨ក្រុមចុងក្រោយក្របខណ្ឌ Champions league បន្ទាប់ពី Mbappe មានឪកាសរកបានគ្រាប់បាល់ ជ័យជំនះជើងទី១នៅទឹកដី Parc des Princes រួចមក។

ក្រៅពី Tottenham លោក Pochettino ក៏មានទំនាក់ទំនងក្នុងការផ្លាស់ទៅដឹកនាំក្រុមជើងឯកអង់គ្លេស២០សម័យគឺ Man.Utd ដែល កំពុងស្វែងរកអ្នកចាត់ការអចិន្ត្រៃយ៍មកដឹកនាំក្រោយពីលោក Ralf Rangnick និងបញ្ចប់កុងត្រានៅចុងបញ្ចប់រដូវកាលនេះ ខណៈ Real Madrid ក៏មានទំនាក់ទំនងចង់បានលោក Pochettino ដូចគ្នាផងដែរ។

គួររំលឹកថា Tottenham បានបញ្ចប់តំណែងរូបលោកក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ ពោលគឺត្រឹមតែប៉ុន្មានខែបន្ទាប់ពីដឹកនាំក្លឹបទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League លើកដំបូងរបស់ខ្លួន មុនពេលត្រូវបាន PSG តែងតាំងក្នុងខែមករា ឆ្នាំ ២០២១ ។សម្រាប់ Tottenham ទើបតែរបូតពាន FA Cup នៅរដូវកាលនេះ នឹងត្រូវធ្វើការសម្រេចចិត្តលើអនាគតរបស់អ្នកចាត់ការទូទៅបច្ចុប្បន្នលោក Antonio Conte ប្រសិនជាលទ្ធផលមិនបានល្អនៅលីកកំពូល អង់គ្លេសដោយឈរនៅលេខរៀងទី៧និងមានគម្លាត៥ពិន្ទុពីក្រុមTop-៤។

ប្រភព៖ Sportsmole