គ្រូបង្វឹក Roma លោក Jose Mourinho គឺជាបេក្ខភាពដែលអាចនិងត្រូវក្លឹប PSG ជ្រើសយកមកជំនួសតំណែងអ្នកចាត់ការបច្ចុប្បន្នលោក Mauricio Pochettino យោងតាមការចុះផ្សាយរបស់គេហទំព័រ Talksport។គួររំលឹកថាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៥៩ ឆ្នាំរូបនេះបានបន្តផ្លាស់ទៅដឹកនាំនៅលីកកំពូលអ៊ីតាលីគឺ AS Roma កាលពីដើមរដូវកាលមុន ក្រោយត្រូវ Tottenham Hotspur បញ្ចប់តំណែងក្នុងខែមេសា ឆ្នាំ២០២១ ។

ធ្វើការរួមគ្នានៅរដូវកាលដំបូងលោក Mourinho បានជួយអោយក្រុមមានមូលដ្ឋាននៅរដ្ឋធានី Rome បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ដើម្បីមានកៅអីទៅលេងនៅក្របខណ្ឌ Europa League ខណៈរូបលោកបានរួមចំណែកដ៏សំខាន់ជួយអោយពួកគេលើកពាន Conference League ផងដែរ។លោក Mourinho គឺជាគ្រូបង្វឹកដ៏មានបទពិសោធន៏បើទោះបីជារយៈកាលកន្លងមករូបលោកមិនសូវបានទទួលជោគជ័យជាមួយអតីតក្លឹប Tottenham ប៉ុន្តែសម្រាប់ Man.Utd,Chelsea និង Real Madrid ព្រមទាំង Inter Milan និង Porto នៅរយៈពេលជាង១៥ឆ្នាំកន្លងមករូបលោកបានទទួលជោគជ័យជាហូរហែរ។

សម្រាប់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោក Pochettino ត្រូវបានពត៌មានលើកឡើងជារឿយៗពីការចង់ចែកផ្លូវជាមួយអតីតគ្រូបង្វឹក Tottenham រូបនេះបន្ទាប់ពីរូបលោកមិនអាចដឹកនាំក្រុមទទួលបានលទ្ធផលល្អនៅក្របខណ្ឌ Champions League ត្រឹមវគ្គ១៦ក្រុមដែលជាគោលដៅអាទិភាពរបស់ក្លឹបនិងបើទោះបីជានាំក្រុមឈ្នះជើងឯក Ligue-១ បានយ៉ាងណាក្តី។

ប្រភព៖ Sportsmole