លោក Zinedine Zidane បានច្រានចោលឱកាសចូលកាន់តំណែងពីលោក Mauricio Pochettino នៅ Paris Saint-Germain កាលពីចុងខែមករាកន្លងទៅ។ទោះបីមាន ១១ ពិន្ទុដាច់នៅក្របខណ្ឌ Ligue ១ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីន Pochettino ប៉ុន្តែពួកគេបានធ្លាក់ចេញពីក្របខណ្ឌ Coupe de France ក្រោមថ្វីជើងក្រុម​ Nice ក្នុងវគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃចន្ទ ។

នៅចំពេលមានទំនាក់ទំនងជាញឹកញាប់ទៅដឹកនាំ Man.Utd លោក Pochettino ត្រូវបានគេរំពឹងថានឹងចាកចេញពី PSG ក្នុងឆ្នាំ ២០២២ ខណៈក្លឹបត្រៀមនិងចែកផ្លូវពីអតីតគ្រូបង្វឹក​ Tottenham នៅក្នុងខែមករានេះ ក្នុងករណីរូបលោកមិនអាចជួយក្រុមឆ្លងផុតវគ្គ ១៦ក្រុមជាមួយ Real Madrid ដែលគ្រោងនិងធ្វើការប្រកួត២ជើងនៅ នៅថ្ងៃទី ១៥ ខែកុម្ភៈ និងថ្ងៃទី ៩ ខែមីនា ។

យោងតាម TF1 បានចុះផ្សាយថាវីរបុរសក្រុមជម្រើសជាតិបារាំង និងជាអតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំ Real Madrid ឈ្នះពាន Champions League ៣ដងជាប់ៗគ្នា ត្រូវបានកំណត់ជាបេក្ខភាពនាំមុខគេក្នុងការជំនួសតំណែងលោក Pochettino ប៉ុន្តែត្រូវ បានបដិសេធនូវឱកាសមួយនេះ ។ ប្រភពបន្តថា លោក Zidane មិនពេញចិត្តនឹងវិធីដែល PSG កំពុងដំណើរការ ក៏ដូចជាទម្រង់លេងរបស់ពួកគេ ខណៈរូបលោកមិនចង់ដឹកនាំក្រុមជួប Real Madrid នៅចុងខែនេះដែរ។

ប្រភព​៖ Sportsmole