Robert Lewandowski សម្លឹងឃើញឪកាសសាងកំណត់ត្រាប្រវត្តិសាស្ត្រនៅក្របខណ្ឌ Champions League នៅពេលដែល Bayern Munich ស្វាគមន៍ក្រុមអ្នកមានបុណ្យ Barcelona មកកាន់កីឡដ្ឋាន Allianz Arena នៅរាត្រីថ្ងៃពុធនេះ។ ខ្សែប្រយុទ្ធដែលទទួលបានចំណាត់ថ្នាក់លេខ២សម្រាប់ពានរង្វាន់កិត្តិយសដ៏ល្បីល្បាញបាល់មាស Ballon d’Or ឆ្នាំ ២០២១ បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់លីកកំពូល Bundesliga និងនៅលើឆាកអន្តរជាតិ សម្រាប់រដូវកាលនេះម្តងទៀត ដោយស៊ុតបញ្ចូលទីបាន ៩ គ្រាប់ក្រោយបង្ហាញខ្លួនបាន ៥ ដងនៅ ក្របខ័ណ្ឌ Champions League ។

Lewandowski ប្រធានក្រុមជម្រើសជាតិប៉ូឡូញរូបនេះ បានស៊ុតបញ្ចូលទីនៅគ្រប់ការប្រកួតក្នុងវគ្គចែកពូលរហូតមកដល់ពេលនេះ រួមទាំងការស៊ុតបាល់បញ្ចូលទីនៅ Camp Nou កាលពីខែកញ្ញា ខណៈដែលរូបគេធ្លាប់បានស៊ុតបញ្ចូលទី ១០ គ្រាប់ក្នុងវគ្គចែកពូលកាលពីរដូវកាល ២០១៩-២០២០ ។ដូច្នេះប្រសិនខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះនៅតែបន្តរកបានគ្រាប់បាល់ ទល់នឹងក្រុមរបស់គ្រូបង្វឹកលោក Xavi Hernandez នៅសប្តាហ៍នេះគាត់នឹងក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់ច្រើនបំផុតមិនធ្លាប់មាននៅ២រដូវកាលផ្សេងគ្នាសម្រាប់វគ្គចែកពូលក្របខ័ណ្ឌ Champions League ។

កន្លងមកមានតែ Lionel Messi និង Cristiano Ronaldo ប៉ុណ្ណោះដែលបានស៊ុតបញ្ចូលទីយ៉ាងតិច ១០ក្នុងវគ្គចែកពូលមុនៗ ។ទម្រង់លេងរបស់ Lewandowski ទល់នឹងអតីតក្លឹប Dortmund នៅចុងសប្តាហ៍មុនបានធ្វើឱ្យរូបគេកើនគ្រាប់បាល់រហូតដល់ទៅ ២៧ គ្រាប់នៅ ២១ប្រកួតគ្រប់ក្របខណ្ឌ ទាំងអស់សម្រាប់រដូវកាលនេះ ។

ប្រភព៖ Sportsmole