គ្រូបង្វឹកថ្មីរបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានសារភាពដោយសម្តែងពីក្តី ព្រួយ ព្រួយបារម្ភ ចំពោះបញ្ហារបួសរបស់កីឡាករជាច្រើនសម្រាប់ក្លឹបយក្សកាតាឡាន់នៅរដូវកាលនេះ។ក្រោយបង្ហាញខ្លួនជាផ្លូវការណ៏ក្នុងនាមជាអ្នកចាត់ការទូទៅថ្មីកាលពីថ្ងៃច័ន្ទ វីរបុរសក្រុមជម្រើសជាតិអេស្បាញ និងជាខ្សែបម្រើដ៏ឆ្នើមរូបនេះបានកំណត់ផែនការយុទ្ធសាស្រ្ត ដើម្បីស្រោចស្រង់ក្លឹបវិលត្រលប់មករកភាពប្រក្រតីសម្រាប់ពេល អនាគត ក្រោយចូលមកជំនួសតំណែងលោក Ronald Koeman ។

បុរសវ័យ៤១ឆ្នាំ Xavi បានផ្តោតជាសំខាន់បំផុតផងដែរលើការពិភាក្សាអំពីអនាគតរបស់ Ousmane Dembele នៅកីឡាដ្ឋាន Camp Nou ដោយត្រៀមផ្តល់កិច្ចសន្យាថ្មីសម្រាប់កីឡាករអន្តរជាតិបារាំងជាអាទិភាព ។ គួរបញ្ជាក់ថាថ្មីៗនេះ Dembele បានជួបនិងបញ្ហារបួសសាជាថ្មីក្រោយជាសះស្បើយបញ្ហារបួសជង្គង់រយៈពេលវែងប៉ុន្តែឥឡូវនេះសមាជិកជ័យលាភី World Cup បានត្រលប់មកក្រៅវិញដោយបញ្ហាសរសៃពួរ ខណៈដែល Eric Garcia, Ansu Fati, Nico Gonzalez, Sergino Dest, Gerard Pique, Sergi Roberto, Pedri និង Martin Braithwaite បច្ចុប្បន្នកំពុងជួបបញ្ហារបួសទាំងអស់។

Xavi បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថាៈ ជាក់ស្តែងយើងមានការព្រួយបារម្ភ។ យើងត្រូវរៀបចំសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីមើលថាតើបញ្ហាសំខាន់បំផុតជាអ្វី និងផ្តល់ដំណោះស្រាយបានមុន ។ យ៉ាងណាវាជាភារកិច្ចសម្រាប់ក្រុមគ្រូពេទ្យ។ ប៉ុន្តែយើងត្រូវនិយាយជាមួយប្រធានក្លឹបដើម្បីជួយសង្គ្រោះពួកគេដែលកំពុងព្យាបាលរបួស ។ការប្រកួតដំបូងសម្រាប់ Xavi ដឹកនាំ Barcelona គឺត្រូវជួបជាមួយក្លឹបមានមូលដ្ឋានរួមទីក្រុង Espanyol នៅឯកីឡដ្ឋាន Camp Nou នៅថ្ងៃទី ២០ខែវិច្ឆិកាខាងមុខនេះ។

ប្រភព៖ Sportsmole