ក្លិបអធិរាជស Real Madrid កំពុងរៀបចំកិច្ចចរចាដាក់ការដេញថ្លៃជាមួយក្លិប Paris Saint-Germain លើការចុះហត្ថលេខានាំយកកីឡាករ Kylian Mbappe មករួមក្រុម យោងប្រភពពីគេហទំព័រ90min បានចុះផ្សាយ។គួររំលឹកថាកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ ២២ ឆ្នាំរូបនេះជាមួយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីរបស់ប្រទេសបារាំងនឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយស្របពេលសមាជិកជ័យលាភី World Cup ២០១៨ មិនមានចាប់អារម្មណ៍ក្នុងការបន្តកុងត្រាថ្មីជាមួយក្រុម លោក Mauricio Pochettino នោះទេ ។

Mbappe បានក្លាយជាកីឡាករឈានមុខនិងលេចធ្លោម្នាក់របស់ពិភពលោកទោះបីជាបង្ហាញទម្រង់លេងដ៏ខកចិត្តមិនអាច ជួយអោយក្រុមមាន់គកបារាំងឆ្លងផុតដំណាក់កាលសំខាន់ៗនៅព្រឹត្តការណ៏Euro២០២០។ ប៉ុន្តែ គិតចាប់តាំងពីចូលរួមជាមួយ PSG កីឡាកររូបនេះប្រៀបបីដូចជាម៉ាស៊ីនរកគ្រាប់បាល់ដ៏ល្អបំផុត ដោយស៊ុតបញ្ចូលទីបាន ១៣២ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៦១ ដងក្នុងការបង្ហាញខ្លួន ១៧១ ប្រកួតជាមួយ PSG ។

ក្រោយពីការចាកចេញរបស់ Sergio Ramos និង Raphael Varane នៅរដូវក្តៅនេះក្លឹបបានបង្ហាញពីការសន្សំបានផ្នែក ហិរញ្ញវត្តុបានមួយកម្រិតឈានឡើងដែលធ្វើ ឱ្យក្រុមលោក Carlo Ancelotti មានជំនឿចិត្តត្រៀមបញ្ចេញថវិកាដើម្បីនាំយកកីឡាករឆ្នើមមករួមក្រុមជំនួសវិញ។ផ្ទុយទៅវិញ PSG រំពឹងថានឹងព្យាយាមបន្តការថែរក្សាខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះប៉ុន្តែក្លឹបនិងប្រឈមបាត់បង់ Mbappe ដោយគ្មាន តម្លៃខ្លួននៅឆ្នាំក្រោយប្រសិនក្លឹបមិនបានឈានដល់កិច្ចព្រមព្រៀង ថ្មីមួយនោះទេខណៈPSG បានដាក់តម្លៃអតីតយុវជនថ្នាលក្លឹប Monaco រូបនេះនៅទឹកប្រាក់រហូតដល់ទៅ ១៥០ លានផោនឯណោះ ។

ប្រភព៖ Sportsmole