Lionel Messi បានវិលត្រឡប់មកកាន់ទីក្រុងបាសេឡូណាវិញនៅថ្ងៃពុធនេះខណៈដែលប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ បានត្រៀមបន្តកុងត្រាថ្មីរហូតដល់ទៅ ៥ ឆ្នាំដើម្បីបន្តអាជីពនៅឯទឹកដី Camp Nou ជាមួយតម្លៃពលកម្មនឿយហត់ប្រមាណ ២៥០.០០០ ផោនក្នុងមួយសប្តាហ៍យោងគេហទំព័រ Sport បានចុះផ្សាយ។ មានន័យថាគ្រូបង្វឹកលោក Ronald Koeman បានព្រមព្រៀងជាមួយកំពូលខ្សែប្រយុទ្ធ Messi នូវការត្រៀមចុះកុងត្រា ប្រាក់ពលកម្មនឿយហត់ប្រចាំសប្តាហ៏មកនៅត្រឹម ២៥០.០០០ ផោន ក្រោយពីប្រធានក្រុមរូបនេះយល់ព្រម កាត់បន្ថយប្រាក់ឈ្នួល ៥០ ភាគរយដើម្បីបន្ធូរបន្ថួបញ្ហាហិរញ្ញវត្ថុក្លឹប។

គួរបញ្ជាក់ថាកុងត្រាកិច្ចព្រមព្រៀងមុនរបស់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះជាមួយក្រុមយក្សកាតាឡានបានឈានដល់ទីបញ្ចប់កាលពីចុងខែមិថុនាកន្លងទៅ។ ដូច្នេះ Messi និង ក្លាយជាកីឡាករដែលអាចផ្ទេរទៅកាន់ក្លឹបផ្សេង ក្នុងរយៈពេលជាងពីរសប្តាហ៍ដែលនៅសល់មុនការចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មី La Liga ២០២១-២០២២ ។ម្ចាស់ពានបាល់មាស៥សម័យវ័យ៣៣ឆ្នាំនិងជាប្រធានក្រុមយក្សកាតាឡាន់ Messi បានចំណាយពេលវិស្សមកាល ក្រោយពីជួយក្រុមពពកសអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America កាលពីដើមខែនេះ។ ដូច្នេះតាមគម្រោងដែល បានគ្រោងទុក Messi នឹងចុះហត្ថលេខា នៅសប្តាហ៍ក្រោយដើម្បីបញ្ចប់នូវមន្ទិលសង្ស័យ មួយសម្រាប់ក្រុម Barcelona ដែលបានតស៊ូដើម្បីបញ្ចុះបញ្ចូលរូបគេ ឱ្យបន្តស្នាក់នៅ ជាមួយក្រុមតទៅទៀត។

ក្រោយចំណាយពេល១៨ឆ្នាំលេងក្នុងនាមកីឡាករឈុតធំ Messi បានជួយក្លឹបឈ្នះពាន La Liga ១០ សម័យកាល និងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៦៧២ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៧៨លើកគ្រប់ក្របខណ្ឌប្រកួត ។ទោះបីជាមានវ័យជ្រេបន្តិចប៉ុន្តែទម្រង់លេងរបស់ Messi នៅតែធ្វើបានល្អ ក្រោយរកបាន ៣៨ គ្រាប់ក្នុងការប្រកួតសរុប ៤៧ ដងកាលពីរដូវកាលមុនផងដែរ។

ប្រភព៖ Sportsmole