អ្នកគាំទ្រក្រុម Paris Saint-Germain មួយក្រុមបានបង្ហាញអារម្មណ៍មិនពេញចិត្តរបស់ពួកគេចំពោះកីឡាករ Paul Pogba ដោយបានសរសេររៀបរាប់នៅលើបដាមួយផ្ទាំងដែលព្យួរនៅខាងក្រៅកីឡាដ្ឋាន Parc des Princes ក្នុងអត្ថន័យព្រមានរបស់ក្រុម Man. Utd ថាពួកគេមិនស្វាគមន៏កីឡាកររូបនេះនៅទឹកដីរដ្ឋធានីរបស់បារាំងនោះទេ។

គួរបញ្ជាក់ថាអនាគតរបស់សមាជិកជ័យលាភី World Cup ២០១៨នៅកីឡាដ្ឋាន Old Trafford នៅតែជារឿងមន្ទិលសង្ស័យក្រោយពីកីឡាករវ័យវ័យ២៨ឆ្នាំរូបនេះបដិសេធបន្តកិច្ចសន្យាថ្មីខណៈដែលកិច្ចសន្យាចាស់និងអស់សុពលភាពនៅរដូវក្តៅឆ្នាំក្រោយនេះ។ ដោយមើលឃើញឪកាសល្អដូច្នេះហើយបានជាក្លឹបយក្សនៅលីកកំពូលបារាំង Ligue 1 ត្រូវបានបណ្តាញសារពត៌មានធ្វើការចុះផ្សាយថាកំពុង សាកល្បងធ្វើការចរចារដោយផ្តល់ជូននូវសំណើរនូវចំនួនទឹកប្រាក់ ៤៣ លានផោនដើម្បីអោយ Man.Utd ពិចារណា។

លោក Solskjaer គ្រូបង្វឹក Man.Utd ធ្លាប់បានបញ្ជាក់ជាសាធារណៈថារូបលោកលោកចង់រក្សាទុក Pogba អោយបន្តលេងជាមួយក្លឹបបានច្រើនឆ្នាំទៀត។ ប៉ុន្តែ ការដោះស្រាយលើការបន្តកុងត្រាថ្មីជាមួយកីឡាករមានតម្លៃខ្លួនកំនត់ត្រា ៨៩,៩ លានផោនដែលបានចូលរួមជាមួយក្លឹបកាលពី ៤ ឆ្នាំមុននៅមិនទាន់ទទួលបានលទ្ធផលជាវិជ្ជមាននោះទេ ក្រោយពីត្រូវ Pogba បដិសេធសំណើរជាលើកចុងក្រោយកាលពីពេលថ្មីៗនេះ។

ប្រភព៖ Metro