Cristiano Ronaldo មិនបានបង្ហាញពីសកម្មភាពផ្តល់ការគោរព ចំពោះអ្នកគាំទ្ររបស់ក្លឹបបិសាចក្រហមMan.Utd នោះទេ បន្ទាប់ពីក្រុមបានបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤ទល់និង០ជាមួយក្រុមម្ចាស់ផ្ទះ Brentford នៅកីឡដ្ឋាន Gtech Community Stadium កាលពីថ្ងៃសៅរ៏ ទី ១៣ ខែសីហា២០២២នេះ។

យោងការចុះផ្សាយរបស់គេហទំព័រ The Mirror បានអោយដឹងថាកំពូលខ្សែប្រយុទ្ធស្លាបដ៏ល្បីល្បាញបច្ចុប្បន្ន មានវ័យ៣៧ឆ្នាំ Ronaldo បានច្រានចោលការស្នើសុំរបស់ជំនួយការអ្នកចាត់ការទូទៅក្លឹប លោក Steve McClaren ដែលចង់ឱ្យខ្សែប្រយុទ្ធជើងចាស់រូបនេះទទួលស្គាល់និងផ្តល់ការសុំអភ័យទសោពីសំណាក់អ្នកគាំទ្ររបស់ខ្លួន។

ទោះយ៉ាងណាគេឃើញមានវត្តមាន David De Gea, Scott McTominay, Anthony Elanga, Marcus Rashford, Bruno Fernandes, Donny Van de Beek និង Diogo Dalot សុទ្ធតែបានបង្ហាញសកម្មភាពសុំការអធ្យាស្រ័យសម្រាប់ កំហុសឆ្គងដែលបានកើតមាននៅសប្តាហ៏ទីពីរនេះ ខណៈម្ចាស់ពានបាល់មាស៥សម័យអវត្តមានមិនបានធ្វើសកម្មភាព តាមការស្នើសុំនោះទេ ។ទោះយ៉ាងណាគេឃើញបុគ្គលទាំងពីររូបនេះបានផ្លាស់ប្តូរពាក្យសម្តីគ្នាមុនពេលវីរបុរសក្រុម អធិរាជស Real Madrid រូបនេះចុះទៅកាន់បន្ទប់ផ្លាស់សំលៀកបំពាក់ក្រោយបញ្ចប់ការប្រកួតផ្លូវការណ៏នោះ។

ប្រភព៖ Sportskeeda