Man. City កំពុងរៀបចំការផ្តល់ជូនកិច្ចសន្យារយៈពេល ២ ឆ្នាំសម្រាប់ខ្សែការពារកណ្តាលក្រុមអធិរាជស Real Madrid កីឡាករ Sergio Ramos ស្របពេលអនាគត របស់កីឡាករវ័យ ៣៥ ឆ្នាំរូបនេះនៅឯកីឡាដ្ឋាន Santiago Bernabeu នៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយគិតមកដល់ថ្ងៃទី១មិថុនា ២០២១នេះ។

មានន័យថាកីឡាករអន្តរជាតិអេស្បាញរូបនេះនិងត្រូវក្លាយជាកីឡាករដែលអាចផ្ទេរដោយគ្មានតម្លៃខ្លួនទៅកាន់ក្លឹបដទៃបាន ។មានក្លឹបមួយចំនួននៅលីកកំពូលអង់គ្លេសដូចជា Man.Utd, Tottenham សុទ្ធតែបានសម្តែងការចាប់អារម្មណ៏ចង់ចុះហត្ថលេខា នាំយកប្រធានក្រុម Real Madrid រូបនេះទៅរួមក្រុមរបស់ពួកគេផងដែរ។ ព្រមជាមួយគ្នានេះដែល Paris Saint-Germain ក៏កំពុងត្រៀមចរចារ ជាមួយ Ramos បន្ទាប់ពីរូបគេមិនជាប់ជម្រើសជាតិអេស្បាញសម្រាប់ចូលរួមព្រឹត្តការណ៏ Euro ២០២០ ដោយសារបញ្ហារបួស។

ឥលូវនេះប្រភពពីគេហទំព័រ ESPN បានចុះផ្សាយថាៈ លោក Pep Guardiola គ្រូបង្វឹកក្រុមជើងឯកអង់គ្លេស ពិតជាកោតសរសើរចំពោះបទពិសោធន៍ដឹកនាំនិងបទពិសោធន៍នៅលើទីលានរបស់ Ramos ហើយក្លឹបក៏ព្រមព្រៀងផ្តល់ នូវកិច្ចសន្យារយៈពេល ២ ឆ្នាំនៅរដូវក្តៅនេះ។ប្រភពខាងលើបន្តថាៈ Ramos នៅតែចង់បន្តកិច្ចសន្យាជាមួយ Real Madrid យ៉ាងហោចណាស់២ ឆ្នាំទៀតបន្តទៀតប៉ុន្តែក្រុមយក្ស La Liga មិនមានឆន្ទៈក្នុងការបន្តកុងត្រាលើសពីមួយឆ្នាំ សម្រាប់កីឡាកដែលមានវ័យ លើស ៣០ ឆ្នាំឡើយ។