មានការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រក្លឹបមកពីលីកកំពូលអង់គ្លេស Man.City និង Chelsea ដែលជាគូប្រជែងមុនការ ប្រកួត វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Champions League នៅតាមដងផ្លូវនៃទីក្រុង Porto មុនពេលក្រុមទាំងពីរនិងត្រូវធ្វើ ការប្រកួត ផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៩ខែឧសភា២០២១ខាងមុខ។

រូបភាពដែលត្រូវថតបានត្រូវបានបង្ហាញនៅលើទូរទស្សន៍ក្នុងស្រុក និងចែករំលែកនៅលើបណ្តាញសង្គមធ្វីតទ័របានបង្ហាញ ថាការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅទីងងិតមួយក្បែរទន្លេ Douro។ ក្នុងនោះដែរវីដេអូឃ្លីបផ្សេងទៀតបានបង្ហាញពីឈុតឆាក បង្កចលាចលធ្វើអោយមានភាពវឹកវរបែបអនាធិបតេយ្យនៅកណ្តាលផ្លូវដែលមានការធ្វើចរាចរដ៏មមាញឹកមួយ។ ទោះយ៉ាងណាអ្នកបង្កចលាចលទាំងនោះ ក្រោយប្រឈមមុខដាក់គ្នាមួយសន្ទុះបានចែកជើងគ្នារៀងៗខ្លួនមុនពេលមានអន្តរាគមន៏ប៉ូលីសព័រទុយហ្គាល់ទៅដល់។

មានមនុស្សពីរនាក់ត្រូវបានរាយការណ៍ថាបានរងរបួសក្នុងហេតុការប៉ះទង្គិចគ្នានៅជិតស្ថានីយ៍រថភ្លើង Sao Bento របស់ Porto និងនៅប្របតាមមាត់ទន្លេដ៏ពេញនិយមរបស់ទីក្រុងដែលគេស្គាល់ឈ្មោះថា Ribeira ។ប៉ូលីសបានបញ្ជាក់ថាជនរងគ្រោះម្នាក់ក្នុងចំណោមនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Santo Antonio ក្រោយកើតហេតុប្រហែលម៉ោង ១០ យប់ម៉ោងក្នុងស្រុកកាលពីយប់ថ្ងៃព្រហស្បតិ៍។

អ្នកគាំទ្រព្រឹត្តការណ៏ប្រកួតពានរង្វាន់ដ៏ធំរបស់ទ្វីបអឺរ៉ុបមានចំនួនរាប់ម៉ឺននាក់កំពុងតែធ្វើដំណើរសំដៅមកកាន់ប្រទេសព័រទុយហ្គាល់ ក្រោយការប្រកួតត្រូវUEFAសម្រេចប្តូរពីទីក្រុង Istanbul ប្រទេសទួរគីក្រោមមូលហេតុបង្ការការរីករាលដាលមេរោ គកូវីត-១៩។យ៉ាងណាមិញអ្នកគាំទ្រសរុបចំនួន ១៦.៥០០ នាក់ត្រូវបានអនុញ្ញាតឱ្យចូលទៅទស្សនាដោយផ្តាល់នៅឯ កីឡាដ្ឋាន Estadio Do Dragaoដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបានដល់ទៅ៥០០០០នាក់ឯណោះ។ កាប្រកួតវគ្គផ្តាច់ព្រ័ត្រនេះគឺនិង ចាប់ផ្តើមនៅម៉ោង២រំលងអធ្រាតឈានចូលថ្ងៃអាទិត្យទី៣០ ឧសភា ម៉ោងនៅក្នុងប្រទេសកម្ពុជាយើង។