លោក Jurgen Klopp បានអះអាងថាក្រុមហង្សក្រហម Liverpool មានសង្ឃឹមចាប់យក Top4 បានវិញហើយ បន្ទាប់ពីយកឈ្នះលើក្រុម Southampton បានក្នុងលទ្ធផល ២-០ នៅយប់មិញនេះ។

ហង្សក្រហមដែលស្មើ២ប្រកួតកន្លងមកនេះ ទើបរកឃើញជ័យជម្នះរបស់ខ្លួនឡើងវិញ ក្នុងការប្រកួតទល់ក្រុម Southampton។ ដោយ២គ្រាប់ពួកគេរកបាននោះ ចេញពី Mane ១គ្រាប់នៅនាទី៣១ និង Thiago Alcantara នៅនាទី៩០។ ការយកបាន៣ពិន្ទុបន្ថែមនេះ បានធ្វើឱ្យក្រុមរបស់លោក Klopp ឡើងលេខ៦ក្នុងតារាង Premier League ឆ្លងកាត់៣៤ប្រកួត។

អ្នកចាត់ការអាល្លឺម៉ង់ខាងលើបានបញ្ជាក់ថានៅសល់៤ប្រកួតទៀត ដូច្នេះបើសិនជាក្រុមរបស់លោកអាចឈ្នះទាំង៤ប្រកួត នោះឱកាសយក Top4 បានលេង UEFA Champions League នឹងអាចកើតមានឡើងបានហើយ។ លោកជឿជាក់ថាសមាជិកក្រុមនឹងប្រឹងប្រែងដើម្បីក្ដោបឱកាសនេះឱ្យបាន។ នៅលេខ៦ របស់ក្រុមហង្សក្រហម មាន៥៧ពិន្ទុ ស្របពេលក្រុមលេខ៤ Leicester City មាន៦៣ពិន្ទុ៕

ប្រភព: Dailymail