គ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp កំពុងជំរុញឱ្យក្រុមរបស់លោកធ្វើការចរចារផ្ទេរយកកីឡាករ Declan Rice ពីក្រុមញញួរធម West Ham United ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅរដូវក្តៅខាងមុខនេះ។គួរបញ្ជាក់ថាកីឡាករដែលអាចលេងក្នុងទម្រង់ជាខ្សែបម្រើ-ការពារសញ្ជាតិ អង់គ្លេសវ័យ២៣ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏ល្អនិងដើរតួនាទី ដ៏សំខាន់សម្រាប់ក្រុមនៅរដូវកាល២០២១-២០២២នេះក្រោយបង្ហាញខ្លួនសរុប៣៨លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់ និង ស៊ុតបញ្ចូលទីបាន៤គ្រាប់ ព្រមទាំងAssist ៤ដង។

មិនត្រឹមតែLiverpool នៅមានក្រុម Man. United និង Chelsea បន្តកន្ទុយគ្នាចង់បានអតីតយុវជនថ្នាលក្លឹបតោខៀវរូបនេះទៅរួមក្រុម ខណៈ West Ham ទើបតែសម្រចចិត្តដាក់តម្លៃខ្លួន Declan Rice ចំនួនមិនតិចជាង១៥០លានផោន នេះបើយោងតាមការអះអាងរបស់គ្រូបង្វឹកលោក David Moyes ។

ប្រភពពី Football Insider បានចុះផ្សាយថាៈ Liverpool យល់ឃើញថា Rice នឹងក្លាយជាសមាជិកដែលស័ក្តសមបំផុតសម្រាប់ក្រុម គ្រូបង្វឹកអាល្លឺម៉ង់រូបនេះ បើទោះបីជាក្លឹបមិនទំនងជាផ្តល់ទឹកប្រាក់ដ៏ច្រើនដូចបានរៀបរាប់ខាងលើ ដើម្បីធ្វើការផ្ទេរយ៉ាងណាក៏ដោយ។ Rice បច្ចុប្បន្ននៅមានសុពលភាពកុងត្រាប្រមាណជាង២ឆ្នាំទៀត នៅកីឡដ្ឋាន London Stadium ខណៈ West Ham អាចបន្តកុងត្រារយៈពេល ១២ ខែបន្ថែមទៀត ដើម្បីពួកគេបន្តជំហររឹងមាំក្នុងការចរចាលើតម្លៃផ្ទេរ។

ប្រភព៖ Sportsmole