Barcelona មានបំណងចង់ផ្ទេរយកខ្សែប្រយុទ្ធជើងចាស់ Sergio Aguero ពីក្រុម Manchester City ដោយគ្មានតម្លៃខ្លួន (Free Transfer) នៅពេលបញ្ចប់រដូវកាល២០២០-២០២១នេះ។កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះនឹងផុតកំណត់នៅទឹកដី Etihad នាខែមិថុនា ២០២១នេះ មានន័យថាកីឡាករវ័យ ៣២ ឆ្នាំ ដែលមានកំនត់ត្រារកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ក្រុមអ្នកមានបុណ្យរូបនេះកំពុងសម្លឹងឪកាសចាកចេញពីក្លឹបក្រោយចំណាយពេល៩ឆ្នាំ។

ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថា Aguero នៅមិនទាន់ចរចារបន្តកុងត្រាថ្មីជាមួយក្រុមលោក Pep Guardiola នៅឡើយទេខណៈ Atletico Madrid ក៏បង្ហាញចំណាប់អារម្មណ៏ចង់ផ្ទេរយកអតីតកីឡាកររបស់ខ្លួន រូបនេះទៅកាន់ទឹកដី Wanda Metropolitano វិញ ។រីឯក្លឹប PSG ក្រោមការដឹកនាំរបស់គ្រូបង្វឹករួមសញ្ជាតិលោក Mauricio Pochettino ក៏បង្ហាញការចាប់អារម្មណ៏ចង់បាន Aguero ដូចគ្នាផងដែរ។

ទោះយ៉ាងណាបញ្ហារបួសជង្គង់ច្រើនបំផុតនៅរដូវកាលនេះនាំអោយ Aguero បង្ហាញខ្លួនចូលលេងបានត្រឹមតែ ៩ ដងប៉ុណ្ណោះគ្រប់ក្របខណ្ឌប្រកួតទាំងអស់និងរកគ្រាប់បាល់បញ្ចូលទីបានត្រឹមតែ ២ ដងប៉ុណ្ណោះ។