ក្រុមអធិរាជស Real Madrid កំពុងថ្លឹងថ្លែងពីលទ្ធភាពផ្ទេរយក ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Man.United ក្នុងឱកាសដោះដូរទីផ្សារកីឡាករនៅពេលបញ្ចប់រដូវកាល២០២០-២០២១ ខាងមុខនេះ។ កីឡាករអន្តរជាតិ បារាំងរូបនេះបានតស៊ូជាមួយការបង្ហាញទម្រង់លេងដ៏ពិបាកនៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបានតែ ១ ដងគត់ក្នុងការបង្ហាញខ្លួនចំនួន ១១ លើកគ្រប់ការប្រកួត។
ទោះយ៉ាងណាអតីតកីឡាករ Juvenntus មិនបានជាប់ជម្រើស១១នាក់ដំបូងចូលលេងទៀងទាត់ឡើយ ក្នុងរយៈពេល ប៉ុន្មានសប្តាហ៏ចុងក្រោយនេះ។

Man.Utd ត្រូវបានសារពត៌មានចុះផ្សាយថាត្រៀមលក់សមាជិកជ័យលាភី World Cup ២០១៨រូបនេះក្នុងតម្លៃ ៥៤ លានផោននៅរដូវក្តៅខាងមុខស្របពេលអតីតក្លឹប Juventus ក៏ ចាប់អារម្មណ៍ចង់បានរូបគេត្រលប់ទៅវិញផងដែរ ។

យោងគេហទំព័រ AS បានចុះផ្សាយថា ក្រុមម្ចាស់ជើងឯក La Liga និងត្រៀមដាក់សំណើរចរចារផ្ទេរយក Pogba នៅឆ្នាំ ២០២១ ខណៈសាមីខ្លួនធ្លាប់ប្រាប់ថាមានក្តីស្រម៉ៃចង់លេង យក្លិបយក្សអេស្ប៉ាញមួយនេះ។ ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាល Man.Utd ថ្មីៗនេះបានបន្តកុងត្រា Pogba ប៉ុន្តែកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់មានសុពលភាពត្រឹមខែមិថុនាឆ្នាំ ២០២២ តែប៉ុណ្ណោះ។

ប្រភព៖ Sportsmole