ខ្សែ​បម្រើ​កណ្ដាល Thiago Alcantara ត្រូវ​បាន​រាយការណ៍​ថា បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​​អស់​ហើយ​ជាមួយ​ក្លឹប​ជើង​ឯក​​នៅ​អង់គ្លេស Liverppol។ កីឡាករ​របស់ Bayern Munich បច្ចុប្បន្ន​កំពុង​​លំហែកាយ​​ បន្ទាប់​ពី​​ទើប​ជួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​នៅ​ពាន Nations League។ កីឡាករ​វ័យ​២៩​ឆ្នាំ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ទីក្រុង Barcelona វិស្សមកាល​​ជាមួយ​ក្រុម​គ្រួសារ ខណៈ​ក្លឹប​ស្ថិត​ក្នុង​តំបន់​កាតាឡាន់​មួយ​នេះ​ក៏​ចាប់​អារម្មណ៍​យក​គេ​ទៅ​វិញ​ផង​ដែរ។

យោងតាម​សារព័ត៌មាន BILD កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​មាន​បំណង​ចង់​ផ្លាស់​ទៅ​កាន់​ក្រុម​របស់​លោក Jurgen Klopp ហើយ​សម្រាប់​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​របស់​ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​គ្នា​អស់​ហើយ។ ប្រភព​បន្ត​ថា យ៉ាងណា Liverpool មិន​ទាន់​យល​ព្រម​តម្លៃ​ខ្លួន​ផ្ទេរ​របស់ Thaigo នៅ​ឡើយ​ទេ ដោយ​ Bayern ចង់​បាន​ក្នុង​រង្វង់​២៧,៥​លាន​ផោន៕