ក្លឹប Barcelona ត្រូវបានគេដឹងថាពិចារណាចង់យកអតីតកីឡាកររបស់ខ្លួន Thiago Alcantara មកវិញក្នុងរដូវក្ដៅនេះ ប៉ុន្តែអ្នកចាត់ការថ្មីលោក Ronald Koeman បែរជាចាប់អារម្មណ៍លើខ្សែបម្រើរបស់ Liverpool កីឡាករ Georginio Wijnaldum ទៅវិញ។
Thiago កីឡាករនាំលេងរបស់ Bayern Munich បច្ចុប្បន្នកំពុងលេងឲ្យជម្រើសជាតិអេស្ប៉ាញ នៅសល់កុងត្រារយៈពេល១ឆ្នាំទៀត និងកំពុងទាក់ទងចង់បានខ្លាំងពីក្រុមនៅ Premier League ដូចជា Liverpool និង Manchester United។
Barca ជាកន្លែងដែល Thiago ចាប់ផ្ដើមយុវជននៅទីនោះនិងឡើងមកលេងក្រុមធំ មុនពេលចាកចេញនៅឆ្នាំ២០១៣។ យ៉ាងណាមិញ ការចង់បាន Thiago មកវិញជួបបញ្ហារាំងស្ទះ ដោយសារតែលោក Koeman យកបាន Wijnaldum វិញ ព្រោះពួកគេធ្លាប់ធ្វើការជាមួយគ្នានៅជម្រើសជាតិហុល្លង់។ តាមការឲ្យដឹងលម្អិល កុងត្រារបស់ Wijnaldum វ័យ២៩ឆ្នាំនឹងអស់នៅរដូវកាលក្រោយ ខណៈលោក Koeman រំពឹងអាចនាំយកកីឡាករសញ្ជាតិហុល្លង់មកកាន់ Barcelona បានក្នុងតម្លៃ២២លានផោន៕