​នៅ​ថ្ងៃ​នេះ ​ស្រាប់​តែ​មាន​ដំណឹង​ចេញ​ពី​ក្រុង​បាសេឡូណា​មក​ថា ​លោក Bartomeu ​កំពុង​ជាប់​សំណុំ​រឿង​ពុក​រលួយ​មួយ ដែល​អាច​នឹង​ធ្វើ​ឱ្យ​លោក​ជាប់​ទោស​ដល់​ពន្ធនាគារ​បាន។

ស្រប​ពេល​ក្រុម Barcelona ​កំពុង​ឈឺ​ក្បាល​រឿង Lionel Messi ​ចង់​ចាកចេញ​ផង​នោះ ​ពេល​នេះ​ស្រាប់​តែ​មាន​ដំណឹង​ថ្មី​មួយ​ទៀត​មក​ថា​លោក Bartomeu ​ដែល​ជា​ប្រធាន​ក្លឹប​កំពុង​ត្រូវ​ប៉ូលិស​ស៊ើបអង្កេត​ហើយ​ពី​រឿង​ពុក​រលួយ។ ​ប៉ូលិស​នៅ​តំបន់​កាតាឡាន់ បាន​ធ្វើ​របាយការណ៍​មួយ​ទៅ​ចៅក្រម​ស៊ើបសួរ ​​ពី​រឿង​ដែល​ក្រុម​ Barcelona ​បាន​ជួល​ក្រុម​អ្នក​ពិគ្រោះ​យោបល់​នៅ​លើ​បណ្ដាញ​សង្គម ​ដើម្បី​តាមដាន​នៅ​លើ​បណ្ដាញ Online។ ដោយ​នេះ​ត្រូវ​បាន​សន្និដ្ឋាន​ថា​អាច​ជាប់​ជា ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​ដែល​អាច​កើត​មាន។

​តាម​ការ​ចោទ​ប្រកាន់​នេះក្រុម Barcelona ​ត្រូវ​បង់​ប្រមាណ​៦០​%​ឯ​ណោះ​ទៅ​លើ​អត្រា​នៃ​សេវាកម្ម I3 Ventures ​ដែល​ពួកគេ​បាន​ជួល​មក ពិនិត្យ​និង​គ្រប់គ្រង​លើ​បណ្ដាញ​សង្គម​ទាំង​អស់​របស់​ក្រុម Barcelona ​។ ​ចៅ​ក្រម ​និង​ធ្វើ​ការ​សម្រេច​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា ​ឬ​ត្រូវ​ហៅ​ថ្នាក់​ដឹក​នាំ​ក្រុម Barcelona ​មក​ជួយ​បកស្រាយ។ ​

​រំលឹក​ថា ​ក្រុម Barcelona ​នេះ ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ខាង​លើ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ​ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ពួកគេ​ក៏​ឈប់​ប្រើប្រាស់​វិញ។ ​បច្ចេកវិទ្យា​ខាង​លើ​នេះ ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ប្រធាន​ក្លឹប Barcelona ​ប្រើប្រាស់​វា​ដើម្បី​វាស់​ស្ទង់​ពី​ចំណូល ​ដើម្បី​បង្កើន​ប្រាក់​ផ្ទាល់​ខ្លួន​ឱ្យ​បាន​កាន់​តែ​ច្រើន​ឡើង។ ​ដំណឹង​ពុក​រលួយ​ផ្ទៃ​ក្នុង​នេះ ​នឹង​ធ្វើ​ឱ្យ​មាន​ភាព​វឹកវរ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ក្រុម Barcelona ​ស្រប​ពេល​ជាមួយ Messi ​ចង់​ចាកចេញ៕