ក្លឹប Barcelona នឹង​ត្រូវ​ចំណាយ​ដល់​ទៅ​១២​លាន​ផោន​​ដើម្បី​លុប​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​​ Luis Suarez ។ កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​​ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នក​ចាត់​ការ​ថ្មី​លោក Ronald Koeman ថា គេ​​មិន​ស្ថិត​ក្នុង​គម្រោង​របស់​លោក​នោះ​ទេ។ ដូច្នេះ​ប្រសិន​បើ Barca ចង់​បញ្ចប់​កិច្ចសន្យា​របស់ Suarez ពេល​នេះ ពួក​គេ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​គួរសម​ដែរ។

Suarez រក​បាន​២១​គ្រាប់ ក្នុង​ការ​លេង​៣៦​ប្រកួត​សម្រាប់ Barcelona កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​ក្នុង​វ័យ​៣៣​ឆ្នាំ​​ហាក់​បី​ដូច​ជា​ជ្រេ​បន្តិច​ហើយ​សម្រាប់​អាជីព​របស់​គេ។ នៅ​ក្នុង​ក្លឹប​គេ​ទទួល​បាន​ថ្លៃ​នឿយហត់​​រង្វង់​៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ អតីត​កីឡាករ​របស់ Liverpool រូប​នេះ​​នៅ​សល់​កុងត្រា​រយៈពេល​១​ឆ្នាំ​ទៀត​នៅ Camp Nou ។ លោក Koeman មាន​គម្រោង​ចង់​រៀបចំ​​ក្រុម​ Barcelona ឡើង​វិញ បន្ទាប់​ពី​រដូវ​កាល​មុន​មិន​បាន​ឈ្នះ​ពាន​អ្វី​សោះ ក្រោម​ការ​ដឹក​នាំ​របស់​លោក Quique Setien៕