ក្លឹប Barcelona នឹងត្រូវចំណាយដល់ទៅ១២លានផោនដើម្បីលុបកុងត្រារបស់ខ្សែប្រយុទ្ធ Luis Suarez ។ កីឡាករសញ្ជាតិអ៊ុយរុយហ្គាយត្រូវបានបញ្ជាក់ដោយអ្នកចាត់ការថ្មីលោក Ronald Koeman ថា គេមិនស្ថិតក្នុងគម្រោងរបស់លោកនោះទេ។ ដូច្នេះប្រសិនបើ Barca ចង់បញ្ចប់កិច្ចសន្យារបស់ Suarez ពេលនេះ ពួកគេត្រូវចំណាយប្រាក់ច្រើនគួរសមដែរ។
Suarez រកបាន២១គ្រាប់ ក្នុងការលេង៣៦ប្រកួតសម្រាប់ Barcelona កាលពីរដូវកាលមុន ប៉ុន្តែក្នុងវ័យ៣៣ឆ្នាំហាក់បីដូចជាជ្រេបន្តិចហើយសម្រាប់អាជីពរបស់គេ។ នៅក្នុងក្លឹបគេទទួលបានថ្លៃនឿយហត់រង្វង់៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ អតីតកីឡាកររបស់ Liverpool រូបនេះនៅសល់កុងត្រារយៈពេល១ឆ្នាំទៀតនៅ Camp Nou ។ លោក Koeman មានគម្រោងចង់រៀបចំក្រុម Barcelona ឡើងវិញ បន្ទាប់ពីរដូវកាលមុនមិនបានឈ្នះពានអ្វីសោះ ក្រោមការដឹកនាំរបស់លោក Quique Setien៕