វីរបុរសក្លឹបបិសាចក្រហមលោក Paul Scholes ជឿជាក់ថាក្លឹបគួរតែផ្លាស់ប្តូរខ្សែការពារកណ្តាល Victor Lindelof ចេញពីជម្រើស១១នាក់ដំបូងបន្ទាប់ពី Man.Utd បានធ្លាក់ចេញពីការប្រកួតក្របខណ្ឌ Europa League វគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងក្លឹបមកពីអេស្បាញគឺ Sevilla កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅកីឡាដ្ឋានប្រទេសអាឡឺម៉ង់។ទោះបី Bruno Fernandes រកបានគ្រាប់នាំមុខបាល់ប៉េណាល់ទី ក៏ប៉ុន្តែ Sevilla បានវាយបកវិញ២គ្រាប់វិញដើម្បីយកឈ្នះ ការប្រកួតនេះ និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត។

គួរបញ្ជាក់ថាគ្រាប់បាល់ទីពីររបស់ Sevilla គឺជាទីចំណាប់អារម្មណ៏ខ្លាំងបំផុតដែលបានបង្ហាញពីចន្លោះប្រហោងរបស់កីឡាករខ្សែការពារ Lindelof និង Aaron Wan-Bissaka ក្រោយពីកីឡាករ De Jong ទទួលបាល់ពីការលើកចេញពីស្លាបខាងស្តាំ និង ស៊ុតបាល់បំប៉ោងសំណាញ់ដោយងាយខណៈអ្នកចាំទី David de Gea មិនអាចជួយសង្គ្រោះបាននោះទេ ។ អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បន្តអះអាងថាៈខ្សែការពារទាំង៤រូបរបស់ Man.Utd គឺជាអ្នកទទួលត្រូវទទួលខុសត្រូវសម្រាប់បរាជ័យដ៏ខកចិត្តមួយនេះខណៈ Lindelof ជាបុគ្គលរងការរិះគន់ច្រើនបំផុតនោះ។

ប្រភព៖ Goal