ក្រុមអ្នកមានបុណ្យ Barcelona អាចនិងធ្វើការបញ្ចប់តំណែងគ្រូបង្វឹកលោក Quique Setien ថ្ងៃច័ន្ទនេះហើយជំនួសមកវិញដោយគ្រូបង្វឹកដែលកំពុងដឹកនាំក្រុមជម្រើសជាតិហូឡង់លោក Ronald Koeman យោងតាមការលើកឡើងរបស់អ្នកសារពត៌មានជំនាញផ្នែកបាល់ទាត់ លោក Guiquem Balague បានអះអាង។គួរកត់សម្គាល់ថា Barcelona រងនូវភាពអាម៉ាស់បំផុតក្រោមថ្វីជើង Bayern Munich ក្នុងលទ្ធផល ៨ ទល់នឹង ២ និងបានធ្វើអោយក្រុមធ្លាក់ចេញពីក្របខ័ណ្ឌលីកកំពូលទ្វីបអឺរ៉ុប Champions League វគ្គ ៨ក្រុមចុងក្រោយកាលពីថ្ងៃសុក្រ។

ប្រភពខាងលើបន្តថាៈ អតីតអ្នកចាត់ការក្លឹបមាន់ខ្នាយមាសលោក Mauricio Pochettino ក៏ជាបេក្ខភាពនាំមុខមួយដែលអាចចូលមកដឹកនាំក្រុម ក៏ប៉ុន្តែអតីតខ្សែការពារប្រវត្តិសាស្រ្តក្លឹបលោក Koeman គឺជាជំរើសដ៏មានប្រជាប្រិយជាងនេះ។

កាលពីថ្ងៃអាទិត្យស្ថានីយវិទ្យុអេស្បាញ Cadena COPE ក៏បានផ្សព្វផ្សាយផងដែរថាប្រធានក្លឹប Barcelona លោក Josep Bartomeu និងបញ្ចប់តំណែងលោក Setien នៅសប្តាហ៏នេះក្រោយពីមានការប្រជុំក្រុមប្រឹក្សាភិបាលដែលគ្រោងនឹងធ្វើឡើងនៅនៅថ្ងៃចន្ទនេះ។គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអេស្បាញលោក Setien វ័យ ៦១ ឆ្នាំបានចូលមកដឹកនាំជំនួសអតីតគ្រូបង្វឹកលោក Ernesto Valverde កាលពីខែមករា តែទោះយ៉ាងណាលោកមិនអាចដឹកនាំក្រុមការពារតំណែងជើងឯក La Liga រដូវកាលចាស់បានទេ ។

ប្រភព៖ BBC