បរទេស៖ លោក Hansi Flick គ្រូបង្វឹក​របស់​ក្រុម Bayern Munich បាន​រក្សាជំ​ហរ​ស្ថិតនៅកណ្តាល ក្នុង​ការ​ពិភាក្សា​ថា តើ​ខ្សែ​ប្រយុទ្ធ​របស់​លោក​គឺ Robert Lewandowski មានភាព​មុតស្រួច​ជាង​តារាឆ្នើម Lionel Messi របស់​ក្លិប Barcelona នៅមុនពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅ​រាត្រី​នេះ ក្នុង​ទីក្រុង Lisbon ឬ​យ៉ាង​ណា​។

ក្រុម Barcelona នឹង​ប៉ះ​ជាមួយ​នឹងក្រុម Bayern នា​កីឡដ្ឋាន Estadio da Luz ដើម្បី​ប្រជែង​យក​កៅអី​ទៅកាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ពុធ សប្តាហ៍​ក្រោយ​។ នៅមុន​ពេល​ការ​ប្រកួត​នេះ មានការ​ជជែក​ជា​ច្រើន​ថា តើ Lewandowski ដែល​ជា​អ្នក​រក​បានគ្រាប់​បាល់​ច្រើន​ជាង​គេក្នុង​ក្រប​ខ័ណ្ឌ Champions League តាម​រយៈ​រក​បាន​១៣​គ្រាប់​ពីការ​ប្រកួត​៧​លើក ឬ​ក៏​ Messi ម្ចាស់​បាល់​មាស Ballon d’Or ​៦​ជំនាន់ គឺ​ជា​កីឡាករ​​ដែល​ឆ្នើម​ជាង ឬ​យ៉ាង​ណា​។

កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍ លោក Quique Setien គ្រូបង្វឹក​របស់​ក្រុម Barca បាន​បញ្ជាក់​ថា Lewandowski ពិត​ជា​គ្មានកម្រិត​ស្មើ​ជាមួយ​នឹង Messi ឡើយ ក្រោយពី​​លោក Lothar Matthaeus អតីត​តារា​ឆ្នើម​របស់ Bayern បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប៉ូឡូញ បាន​ឡើង​ឈរ​ពី​លើ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាហ្សង់ទីន ក្នុងនាម​ជាកីឡាករ​ដ៏ឆ្នើម​បំផុ​តក្នុង​ពិភព​លោក​។ លោក Flick បានប​ញ្ជាក់​ថា៖ «អ្នក​មិន​អាច​ប្រៀប​ធៀប​កីឡាករ​ទាំង​២នាក់​បាន​ឡើយ​។ Robert មាន​កម្រិត​លេង​ពិភព​លោក​ក្នុងនាម​ជា​ខ្សែ​ប្រយុទ្ធ​កណ្តាល​​។ Messi គឺ​ជា​កីឡាករ​ដ៏ឆ្នើមក្នុង​រយៈពេល​ជា​យូរ​មក​ហើយ​»​។

Lewandowski កំពុង​តែ​ជួប​រដូវ​កាល​ដ៏​ល្អ​បំផុត​​នៃ​អាជីព​របស់​ខ្លួន តាមរយៈ​រក​បាន​៥៣​គ្រាប់​ពីការ​ប្រកួត​៤៤លើក​នៅ​រដូវ​កាល​នេះ ខណៈ​ដែល Messi រក​បាន​៣១​គ្រាប់​ពីការ​ប្រកួត​៤៣​លើក​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia