លោក Hansi Flick គ្រូបង្វឹកក្រុម Bayern Munich បាននិយាយថា Robert Lewandowski សក្តិសមជាកីឡាករដែលមានលទ្ធភាពខ្ពស់ប្រជែងពានបាល់មាស Ballon d’Or បន្ទាប់ពីរកបានគ្រាប់បាល់សរុបក្នុង រដូវកាល២០១៩-២០២០នេះរហូតដល់ ៥១ គ្រាប់ ខណៈរូបគេបានជួយក្លឹបជើងឯក Bundesliga អាល្លឺម៉ង់ឈ្នះពាន DFB-Pokal រឺ German Cup មួយបន្ថែមទៀត។

ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិប៉ូឡូញរូបនេះ បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ខណៈ Bayern Munich បានយកឈ្នះ គូប្រជែង Bayer Leverkusen ក្នុងលទ្ធផល ៤-២ កាលពីថ្ងៃសៅរ៍នៅកីឡាដ្ឋាននាទីក្រុងប៊ែឡាំងដែលជាការឈ្នះពានក្នុងស្រុកនេះចំនួន ២ រដូវកាលជាប់គ្នា។

Lewandowski បច្ចុប្បន្នមានវ័យ៣១ឆ្នាំ រកបាន ៣៤ គ្រាប់នៅរដូវកាលនេះ ហើយបាននាំ Bayern Munich លើកពាន Bundesliga ជាលើកទី ៨ ជាប់ៗគ្នា ព្រមទាំងរកបាន ១១ គ្រាប់នៅក្នុងក្របខ័ណ្ឌ Champions League ខណៈ ប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុបនឹងវិលត្រឡប់មកវិញនាខែសីហាខាងមុខនេះ ។

ប្រភព៖ Goal