កំពូលខ្សែប្រយុទ្ធឆ្នើម Kylian Mbappe នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ France Football បានបង្ហាញពីឈ្មោះបេក្ខភាពកីឡាករ៣រូបដែលនិងអាចឈ្នះពានបាល់មាស Ballon d’Or ឆ្នាំ ២០២២នេះ។គួរបញ្ជាក់ថាបេក្ខភាព ៣០ នាក់សម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំនេះ ត្រូវបានប្រកាសនាពេលថ្មីៗនេះ ខណៈដែល Kylian Mbappe ស្ថិតក្នុងចំណោមកីឡាករបារាំង៤នាក់ដែលត្រូវបានតែងតាំង ខណៈមិត្តរួមក្រុម Neymar និង Lionel Messi មិនបានជាប់ឈ្មោះក្នុងបញ្ជីនោះឡើយ។

អ្វីដែលគួរអោយកត់សម្គាល់នោះគឺម្ចាស់ពានបាល់មាស៧សម័យ Lionel Messi បានបាត់ឈ្មោះក្នុងបញ្ជីបេក្ខភាពជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៥ ខណៈដែលគូប្រជែងដ៏ធំបំផុតគឺ Cristiano Ronaldo បានជាប់ក្នុងបញ្ជីឈ្មោះតែ មិនស្ថិតក្នុងចំណោមកីឡាករកំពូល ទាំង ៣រូបនោះទេ បើទោះបីជាកំពូលខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះរកបាន២៤គ្រាប់កាលពីរដូវកាលចាស់ក្រោយវិលត្រលប់មកទឹកដីOld Trafford ជាលើកទីពីរក៏ដោយ។

ទោះយ៉ាងណាសមាជិកក្រុមមាន់គកបារំាង Kylian Mbappe វ័យ ២៣ឆ្នាំបានប្រាប់យ៉ាងដូច្នេះថាៈខ្ញុំចង់និយាយថាឆ្នាំនេះគឺជាជោគជ័យសម្រាប់ Benzema។ គាត់មានអាយុ ៣៤ ឆ្នាំ ហើយទើបតែជួយអោយក្លឹប បានឈ្នះ Champions League មួយផ្សេងទៀត ។ដូច្នេះប្រសិនខ្ញុំជា Karim បើខ្ញុំមិនឈ្នះពាននេះ ខ្ញុំនឹងឈប់គិតអំពី Ballon d’Or ជារៀងរហូត ( សើច)។ ទីពីរ Mbappe មិនភ្លេចប្រាប់ថារូបគេក៏ជាអ្នកដែលប្រជែងពានមួយនេះ ខណៈកីឡាករទី៣គឺគ្មាននរណាក្រៅពី Sadio Mane អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្ត Liverpool បច្ចុប្បន្នកំពុងបន្តអាជីពជាមួយ Bayern Munich ទៅហើយនោះ។

ប្រភព៖ Sportskeeda