អង់គ្លេស៖ លោក Ole Gunnar Solskjaer បាន​ជំ​រុញ​ឲ្យ​តារាឆ្នើម​ៗ​ក្នុងក្លិប Manchester United របស់​លោក ដណ្តើម​យក​ឱកាស​មាស​ដើម្បី​ឈ្នះកៅអី​ទៅ​កាន់​ក្រប​ខ័ណ្ឌ Champions League ក្រោយពី​ខ្សែ​ប្រយុទ្ធ Mason Greenwood បាន​ជួយ​ឲ្យ​ពួក​គេ​ដណ្តើម​បាន​លទ្ធផល​ស្មើ ១-១ ជា​មួយនឹងក្រុម West Ham កាលពីថ្ងៃពុធ​​។ ក្រុម​របស់​លោក Solskjaer បាន​របូត​គ្រាប់បាល់ ដោយ​សារ​តែ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​របស់​កីឡាករ Michail Antonio នៅ​តង់​ទី​១​នា​កីឡដ្ឋាន Old Trafford​។

ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Greenwood បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​១ ក្រោយ​ពី​សម្រាក​តង់​ទី​១ ដើម្បី​ជួយ​ឲ្យ​ក្រុម Man United ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ នៅ​តារាង Premier League​។ ពួក​គេ​ឡើង​ឈរ​ពីលើក្រុមលេខ៤ Chelsea ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង ក្រោយពីក្រុម​តោខៀវ បាន​រង​​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៥-៣ នៅលើ​ទឹកដីក្រុម​ម្ចាស់​ជើង​ឯក Liverpool​។

Man United នឹង​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​​កំពូល​ទាំង​៤ ប្រសិន​បើ​ពួក​គេ​ដណ្តើម​បានលទ្ធ​ផល​ស្មើ ឬ​ឈ្នះ​ក្នុង​ការ​ប្រកួត​កាត់​សេចក្តី​ជា​មួយ​នឹងក្រុម​ឈរលេខ​៥ Leicester City​ នៅ​ថ្ងៃ​អាទិត្យ​។ Man United កំពុង​តែ​នាំមុខ​១ពិន្ទុ​លើក្រុម Leicester មុន​នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ នៅ​រដូវកាល​នេះ នា​កីឡដ្ឋាន King Power​។ លោក Solskjaer បាន​បញ្ជាក់​ថា៖ «នៅ​ពេលដែល​យើង​បាន​ចាប់​ផ្តើម ក្រោយពី​ការ​ផ្អាក យើង​ត្រូវ​តែ​ប្រជែង​ដណ្តើម​យក​វា​។ យើង​ត្រូវ​តែ​​រក​គ្រាប់​បាល់​ឲ្យ​បានច្រើន យើង​ត្រូវ​តែ​ដណ្តើម​ពិន្ទុ​ឲ្យ​បាន​ច្រើន​។ យើង​បាន​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​ឱកាស​មាស​ក្នុង​ការ​ប្រជែង​យកពិន្ទុ​ដ៏សំខាន់នៅ​ថ្ងៃ​អាទិត្យ»​៕

វីដេអូ៖

ប្រភព​ព័ត៌​មាន៖ Channel News Asia