Sadio Mane បានសន្យាចំពោះប្រិយមិត្តគាំទ្រក្រុមហង្សក្រហម Liverpool ថាខ្លួននឹងខិតខំជួយក្លឹបឈ្នះពានរង្វាន់ជាច្រើនទៀតតាមដែលអាចធ្វើទៅបាន បន្ទាប់ពីជួយក្លឹបលើកពានលីគកំពូល Premier league ជាលើកដំបូងរយៈពេល៣០ ឆ្នាំ។ ទោះបីជាចំណាយពេលជិត៤រដូវកាលជួយក្លឹបលើកពានធំៗដូចជា Uefa Champions League ,UEFA Super Cup, FIFA Club World Cup ប៉ុន្តែសម្រាប់អ្នកគាំទ្រនៅតែមិនទាន់អស់មន្ទិលសង្ស័យ និងមានទំនុកចិត្តនៅឡើយទេថា ខ្សែប្រយុទ្ធឆ្នើមរូបនេះនិងបន្តលេងនៅកីឡាដ្ឋាន Anfield ជាច្រើនឆ្នាំទៀត។

កីឡាករអន្តរជាតិសេណេហ្គាល់វ័យ ២៨ឆ្នាំរូបនេះត្រូវបានគ្រូបង្វឹក Real Madrid លោក Zinedine Zidane កោតសរសើររៀងរហូតមក និងចិញ្ចឹមចិត្តចង់បាន កីឡាករដែលរកបាន១៧គ្រាប់នៅរដូវកាលនេះអោយ Liverpool មករួមក្រុម តាំងពីរដូវកាលមុនមកម្លេះ ប៉ុន្តែជាការឆ្លើយតបវិញជ័យលាភីម្ចាស់ស្បែកជើងមាសនិងជាកីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិករូបនេះធ្លាប់ឆ្លើយតបថារូបគេតាំងចិត្តលេងអោយក្លឹបរយៈពេលយូរអង្វែងទៀត ។

អតីតខ្សែប្រយុទ្ធក្រុម Southampton ប្រាប់ប្រាប់គេហទំព័ររបស់ក្លិបថាៈ យើងមានកីឡាករ និង បុគ្គលិកដ៏ឆ្នើមជាមួយប្រវត្តិដ៏អស្ចារ្យរបស់ក្លឹប។ ខ្ញុំគិតថានេះគឺជាជំហានមួយទៀតសម្រាប់យើងទាំងអស់គ្នាក្នុងអាជីព ពីព្រោះក្នុងនាមជាកីឡាករបាល់ទាត់អ្នកត្រូវតែមានសមត្ថភាពនិងសាមគ្គីភាព ល្អដើម្បីយកឈ្នះការប្រកួត ។

ប្រភព៖ Metro