Bayern Munich បានយកឈ្នះ Eintracht Frankfurt ក្នុងលទ្ធផល២ទល់និង១ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ German Cup ទល់នឹងក្រុម Bayer Leverkusen ។ ខ្សែប្រយុទ្ធអន្តរជាតិក្រូអាតដែលខ្ចីជើងពីក្រុម Inter Milan កីឡាករ Ivan Perisic មានឪកាសតែតនាំមុខមុនអោយ Bayern Munich នៅនាទីទី១៤ដោយការបញ្ជូនបាល់របស់ Thomas Muller ។

Eintracht ដែលធ្លាប់គ្រងពាននេះនៅឆ្នាំ២០១៨ បានស្តារស្ថានភាពឡើងវិញបន្ទាប់ពីកីឡាករ Da Costa ស៊ុតបាន១គ្រាប់តាមស្មើវិញនៅនាទីទី៦៩តង់ទី២។ ក៏ប៉ុន្តែខ្សែប្រយុទ្ធឆ្នើមចាស់វស្សា Robert Lewandowski បានបន្តរកគ្រាប់បាល់ជ័យជំនះបន្ទាប់ពីការបញ្ជូនបាល់របស់មិត្តរួមក្រុម Joshua Kimmich នៅនាទីទី៧៤ ទោះបីជាអាជ្ញាកណ្តាលខ្សែបន្ទាត់ចាត់ទុកថាជាបាល់ Offside ក៏ប៉ុន្តែក្រោយឆ្លងកាត់ការត្រួតពិនិត្យរួចមកវីដេអូជំនួយការអាជ្ញាកណ្តាលបានផ្តល់ជាបាល់ចូលទីវិញ ។

ការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡាដ្ឋាន Berlin Olympic Stadium នៅថ្ងៃទី ៤ ខែកក្កដាបន្ទាប់ពី Leverkusen បានយកឈ្នះក្រុមមកពីលីកលំដាប់ទី ៤ Saarbrucken ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រីឯ Bayern Munich ស្ថិតយ៉ាងប្រកៀកក្នុងការលើកពាន Bundesliga ៨ ដងជាប់គ្នាបានឈ្នះការប្រកួត ២០ ដងគ្រប់ក្របខណ្ឌប្រកួតក្នុងចំណោម ២១ ប្រកួតចុងក្រោយនេះ។

ប្រភព៖ BBC