ខ្សែបម្រើ Dele Alli របស់ក្លិប Tottenham បានចោទជាសំណួរទៅលើស្មារតីនៃក្រុមរបស់ខ្លួន ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ ក្រោមស្នាដៃក្រុម Leipzig កាលពីថ្ងៃអង្គារ ដើម្បីធ្លាក់ចេញក្នុងលទ្ធផលទាំង២ជើង ៤-០។

Marcel Sabitzer បានដណ្តើមយកប្រៀបទៅលើការប្រព្រឹត្តកំហុស២លើកពីសំណាក់អ្នកចាំទី Hugo Lloris របស់ក្រុម Spurs ក្នុងរយៈពេល២១នាទីដំបូង ដើម្បីជួយឲ្យក្រុម Leipzig បន្ថែមការនាំមុខរបស់ខ្លួន នៅមុនពេលកីឡាករបម្រុង Emil Forsberg បានបន្ថែមគ្រាប់បាល់ទី៣នៅជិតបញ្ចប់ការប្រកួត។

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានប្រើប្រាស់ការអវត្តមានកីឡាករសំខាន់ៗដោយសារតែរបួស ដូចជា Harry Kane និង Son Heung-min គឺជាលេសសម្រាប់ការមិនស្គាល់ឈ្នះសោះពីការប្រកួត៦លើកចុងក្រោយ ក្នុងរាល់យុទ្ធនាការទាំងអស់។

ប៉ុន្តែ Alli បានបញ្ជាក់ថា នោះមិនមែនជាលេសដ៏ល្អគ្រប់គ្រាន់ឡើយសម្រាប់ក្រុមម្ចាស់ជើងឯករងកាលពីឆ្នាំមុនមួយនេះ ក្រោយពីពួកគេបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងលទ្ធផលទាំងខកចិត្ត។ Alli បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «យើងបានអវត្តមានកីឡាករឆ្នើមៗជាច្រើន ប៉ុន្តែ នោះហើយគឺជាបាល់ទាត់ ដែលកើតឡើង។ នេះគឺជាក្រុម Tottenham កីឡាករដែលស្ថិតក្នុងក្រុមនេះ ត្រូវតែពង្រឹងស្មារតី ហើយយើងមិនបានពង្រឹងក្រុមនៅថ្ងៃនេះឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia