ការឆ្លើយតបរបស់ក្រុម Real Madrid ទៅនឹងការទទួលជ័យជម្នះក្នុងការប្រកួត Clasico បានបញ្ចប់ដោយការរងបរាជ័យដ៏មិននឹកស្មានដល់មួយផ្សេងទៀត កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេបានរងបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Real Betis ដើម្បីអនុញ្ញាតឲ្យក្រុម Barcelona ឡើងទៅឈរលើកំពូលតារាងវិញ។

Betis បានទទួលជ័យជម្នះយ៉ាងស័ក្តិសម ក្នុងការប្រកួតដ៏រំភើបនាកីឡដ្ឋាន Benito Villamarin ខណៈដែលការប្រព្រឹត្តកំហុស២លើករបស់ក្រុម Real Madrid បាននាំឲ្យពួកគេបាត់បង់តំណែងរបស់ខ្លួនលើកំពូលតារាង La Liga ដោយក្រុម Barcelona កំពុងតែនាំមុខ២ពិន្ទុដាច់។

ការធ្វេសប្រហែសរបស់ខ្សែការពារ Sergio Ramos បាននាំឲ្យមានគ្រាប់បាល់បើកឆាករបស់កីឡាករ Sidnei សម្រាប់ក្រុម Betis ហើយបន្ទាប់មកខ្សែប្រយុទ្ធ Karim Benzema ដែលបានរកគ្រាប់បាល់តាមស្មើតាមរយៈការស៊ុតបាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតតង់ទី១នោះ បានប្រព្រឹត្តកំហុសដែលនាំឲ្យមានគ្រាប់បាល់ឈ្នះសម្រាប់ក្រុមម្ចាស់ផ្ទះ។

ការបញ្ជូនបាល់មិនបានល្អនៅតំបន់បម្រើរបស់ Benzema បានអនុញ្ញាតឲ្យ Cristian Tello ទទួលបានបាល់ដាច់តែម្នាក់ឯង ហើយរូបគេបានគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អ ដើម្បីផ្តល់ជ័យជម្នះទៅឲ្យក្រុម Betis ជាលើកដំបូង ក្នុងចំណោមការប្រកួត៨លើក។ លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានឲ្យដឹងថា៖ «យើងមានការខ្វះខាតគ្រប់ចំណុចទាំងអស់។ វាជាការប្រកួតដ៏អន់បំផុតរបស់យើងនៅរដូវកាលនេះ។ យើងខ្វះនូវថាមពល ភាពស៊ីចង្វាក់គ្នា ការគ្រប់គ្រងបាល់ និងការវាយសម្រុក។ វាជាការក៏ខកចិត្តមួយ និងអាចកើតឡើង។ ខ្ញុំជាអ្នកទទួលខុសត្រូវ»៕

ប្រភពព័ត៌មាន៖ Channel News Asia