ខ្សែប្រយុទ្ធ Odion Ighalo បានកម្ទេចក្តីសង្ឃឹមរបស់ Wayne Rooney ក្នុងការជួយឲ្យក្រុម Derby បង្កើតការភ្ញាក់ផ្អើលក្នុងពាន FA Cup នៅពេលប្រកួតជាមួយនឹងក្រុម Manchester United ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់របស់តារាឆ្នើមអន្តរជាតិនីហ្សេរីយ៉ារូបនេះ បានជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ ៣-០ ក្នុងការប្រកួតជុំទី៥ កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមរបស់លោក Ole Gunnar Solskjaer បានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុងនាកីឡដ្ឋាន Pride Park ហើយខ្សែបម្រើ Luke Shaw បានរកគ្រាប់បាល់បើកឆាក នៅមុនពេល Ighalo បានបញ្ចប់ក្តីសង្ឃឹមរបស់ Rooney ដើម្បីជួយឲ្យក្រុមខ្លួនទៅវគ្គបន្ត។

Man United នឹងធ្វើដំណើរទៅជួបក្រុម Norwich ដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League ដូចគ្នា ក្នុងការបង្ហាញខ្លួនក្នុងវគ្គ៨ក្រុមចុងក្រោយជាលើកទី៦ជាប់ៗគ្នារបស់ពួកគេ ក្នុងយុទ្ធនាការមួយដែលពួកគេបានឈ្នះពាន១២លើក។ Ighalo ទើបតែបានចូលរួមជាមួយនឹងក្លិប Man United ៣ ទៅ៤សប្តាហ៍ប៉ុណ្ណោះ ក្រោយពីផ្ទេរមកពីប្រទេសចិន ប៉ុន្តែ គ្រាប់បាល់ទី២ និងទី៣របស់គេសម្រាប់ក្លិបនេះ បានដណ្តើមយកការចាប់អារម្មណ៍ផ្សេងៗពី Rooney នៅ Old Trafford។

Rooney បានចាកចេញពីក្លិប Man United កាលពីឆ្នាំ២០១៧ ក្រោយពីជួបពេលវេលាប្រកបដោយផ្លែផ្កាចំនួន១៣ឆ្នាំ ក្នុងរាប់បញ្ចូលទាំងការឈ្នះពាន Premier League ៥លើក ពាន Champions League និងស៊ុតបាល់បញ្ចូលទី២៥៣គ្រាប់។ បុរសវ័យ៣៤ឆ្នាំរូបនេះ បានចំណាយពេលក្នុងក្លិប Everton និង DC United នៅមុនពេលចូលរួមជាមួយនឹងក្លិប Derby ជាគ្រូបង្វឹក និងកីឡាករ រួមជាមួយនឹងគ្រូបង្វឹកបង្គោលលោក Phillip Cocu កាលពីខែមករា៕

ប្រភពព័ត៌មាន៖ Channel News Asia