លោក Jurgen Klopp បានបញ្ជាក់ថា លោកបានបដិសេធក្នុងការដាក់ការស្តីបន្ទោសលើតារាឆ្នើមនៃក្រុម Liverpool របស់លោក ក្រោយពីពួកគេបានរងបរាជ័យជាលើកទី១ក្នុងការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេនៅរដូវកាលនេះ លើទឹកដីក្រុម Watford។

ការរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍ នៅកីឡដ្ឋាន Vicarage Road ធ្វើឲ្យក្រុម Liverpool បញ្ចប់ការមិនស្គាល់ចាញ់ត្រឹម៤៤ប្រកួត ក្នុងក្របខ័ណ្ឌកំពូល និងបានរារាំងមិនឲ្យក្រុមហង្សក្រហមមួយនេះ បង្កើតកំណត់ត្រាថ្មីក្នុងក្របខ័ណ្ឌ Premier League តាមរយៈការដណ្តើមបានជ័យជម្នះ១៩លើកជាប់ៗគ្នា។

ប៉ុន្តែ លោកមិនបានដាក់ការស្តីបន្ទោសលើកីឡាកររបស់ខ្លួន ក្រោយពីការបង្ហាញពីទម្រង់លេងដ៏អន់បំផុតរបស់ពួកគេក្នុងរយៈពេលច្រើនជាង១ឆ្នាំឡើយ ខណៈដែល Klopp បានផ្តល់នូវការវិភាគមួយដល់ពួកគេទៅលើចំណុចដែលពួកគេធ្វើមិនបានល្អ បន្ទាប់ពីបានទស្សនាការប្រកួតរបស់ក្រុមលោកជាថ្មី។ ការរក្សានូវអារម្មណ៍ស្ងប់របស់លោក Klopp គឺជាសញ្ញានៃការគោរពទៅលើក្រុមម្ចាស់ជើងឯកអឺរ៉ុបរបស់លោក ដែលសម្រេចនូវសមិទ្ធផលជាច្រើនកាលពីឆ្នាំមុន។

គ្រូបង្វឹករបស់ក្រុមហង្សក្រហមមួយនេះ បានបញ្ជាក់ថា លោកនឹងក្លាយជាមនុស្សល្ងង់ ប្រសិនបើពេលនេះលោកចាប់ផ្តើមសង្ស័យទៅលើក្រុមរបស់លោក ដែលកំពុងតែនាំមុខ២២ពិន្ទុដាច់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។ លោក Klopp បានបញ្ជាក់ថា៖ «វាអាចកើតឡើង ដែលខ្ញុំនឹងផ្ទុះកំហឹងជាមួយនឹងកីឡាករ ប៉ុន្តែ ខ្ញុំមិនបានខឹងកីឡាករឡើយក្នុងការប្រជុំនេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia