Lionel Messi បានជួយឲ្យមិត្តរួមក្រុមរបស់ខ្លួនស៊ុតបាល់បញ្ចូលទី៣គ្រាប់ កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុម Barcelona បានបញ្ចប់សប្តាហ៍ដ៏ជ្រួលច្របល់របស់ពួក គេ ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៣-២ លើក្រុម Real Betis ដើម្បីរក្សាការដេញតាមពីក្រោយយ៉ាងប្រកៀកជាមួយនឹងក្រុម Real Madrid នៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga។

ការដណ្តើមបានជ័យជម្នះ ៤-១ របស់ក្រុម Real Madrid នៅលើទឹកដីក្រុម Osasna នៅថ្ងៃដដែលនោះ បានដាក់សម្ពាធលើក្រុម Barcelona ក្នុងការឆ្លើយតបវិញ ខណៈដែលក្រុម Betis បាននាំមុខ២លើក នាកីឡដ្ឋាន Benito Villamarin តាមរយៈគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Sergio Canales និងគ្រាប់បាល់ដ៏ល្អរបស់ Nabil Fekir។

ប៉ុន្តែ ក្រុម Barcelona បានវាយបកតាមស្មើទាំង២លើក ខណៈដែល Frenkie de Jong និង Sergio Busquets សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នា នៅមុនពេល Clement Lenglet បានរកគ្រាប់បាល់បញ្ចូលទីនៅរយៈពេល១៨នាទីចុងក្រោយ ហើយគ្រាប់បាល់បញ្ចូលទីទាំង៣គ្រាប់នោះសុទ្ធសឹងបានកើតឡើងក្រោមជំនួយពី Messi។ បន្ទាប់មក Fekir និង Lenglet បានរងពិន័យកាតក្រហមនៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុម Barca ដណ្តើមបានជ័យជម្នះដែលពួកគេត្រូវការ បន្ទាប់ពីជួបពេលវេលាដ៏ជ្រួលច្របល់។

Messi បានធ្វើឲ្យខ្លួនគេផ្ទាល់ធ្លាក់ចូលក្នុងជម្រោះពាក្យសម្តីតាមរយៈការរិះគន់ជាសាធារណៈទៅលើការលើកឡើងរបស់ប្រធានផ្នែកកីឡាលោក Eric Abidal ដែលបាននិយាយថា កីឡាករគឺជាដើមហេតុដែលនាំឲ្យលោក Ernesto Valverde ត្រូវបានបណ្តេញចេញកាលពីខែមុន៕

រភពព័ត៌មាន៖ Channel News Asia