ទាំងក្រុម Barcelona និង Real Madrid សុទ្ធសឹងបានធ្លាក់ចេញពីការប្រកួតដណ្តើមពាន Copa del Rey កាលពីរាត្រីថ្ងៃសៅរ៍ដូចគ្នា ខណៈដែលក្រុម Athletic Bilbao និង Real Sociedad បានបង្កើតឲ្យមាការភ្ញាក់ផ្អើល ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុម Barcelona បានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Bilbao នាកីឡដ្ឋាន San Mames ខណៈដែលកីឡាករ Inaki Williams បានរកគ្រាប់បាល់ឈ្នះនៅនាទី ទី៩៣ ក្រោយពីក្រុម Real Sociedad បានទម្លាក់ក្រុម Real Madrid ក្នុងលទ្ធផល ៤-៣ ក្នុងការប្រកួតដ៏រំភើបនាកីឡដ្ឋាន Santiago Bernabeu។

លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលទាំង២ បានបន្ថែមនូវភាពរំភើបមួយផ្សេងទៀតទៅលើយុទ្ធនាការមួយ ដែលពោរពរញដោយការភ្ញាក់ផ្អើលនៅរដូវកាលនេះ ខណៈដែលក្រុម Bilbao និង Real Sociedad បច្ចុប្បន្នចូលរួមជាមួយនឹងក្រុម Granada និងក្រុម Mirandes ដែលលេងក្នុងក្របខ័ណ្ឌលំដាប់ទី២ សម្រាប់ការចាប់ឆ្នោតនៅថ្ងៃសុក្រនេះ។

សម្រាប់ក្រុម Barcelona ការរងបរាជ័យពិតជាឈឺចាប់ជាពិសេស ដោយសារតែវាបានកើតឡើងនៅសប្តាហ៍ដ៏ជ្រួលច្របល់មួយ ខណៈដែល Lionel Messi បានធ្លាក់ចូលក្នុងជម្លោះពាក្យសម្តីជាមួយនឹងប្រធានផ្នែកកីឡាលោក Eric Abidal និងខ្សែបម្រើដ៏មានឥទ្ធិពល Ousmane Dembele អាចនឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ ដោយសារតែរហែកសាច់ដុំសរសៃពួរ៕

ប្រភពព័ត៌មាន៖ Channel News Asia