ខ្សែប្រយុទ្ធ Son Heung-min បានបំពេញការវាយបករបស់ក្រុម Tottenham ខណៈដែលគ្រាប់បាល់ស៊ុតប៉េណាល់ទីរបស់តារាឆ្នើមអន្តរជាតិកូរ៉េខាងត្បូងមួយនេះ បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-២ លើក្រុម Southampton ក្នុងការប្រកួតជុំទី៤នៃពាន FA Cup ជើងទី២ កាលពីថ្ងៃពុធ។

ក្រុមរបស់លោក Jose Mourinho នៅសល់រយៈពេលត្រឹមតែ១២នាទីប៉ុណ្ណោះ ក្នុងការត្រូវធ្លាក់ចេញ ក្រោយពីបានខ្ជះខ្ជាយគ្រាប់បាល់នាំមុខនៅតង់ទី១ ដោយសារតែការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ Jack Stephens។

ខ្សែប្រយុទ្ធ Shane Long និង Danny Ings បានស៊ុតបាល់បញ្ចូលទីដូចគ្នា ខណៈដែល Southampton បានវាយបកដើម្បីរកគ្រាប់បាល់នាំមុខវិញនៅកីឡដ្ឋាន Tottenham Hotspur។ ប៉ុន្តែខ្សែបម្រើ Lucas Moura បានរកគ្រាប់បាល់តាមស្មើវិញ នៅមុនពេល Son បានទទួល និងបានស៊ុតបាល់ប៉េណាល់ទីបញ្ចូលទីនៅរយៈពេល២នាទីចុងក្រោយ។ Tottenham ដែលបានឈ្នះពាន FA Cup ជាលើកចុងក្រោយកាលពីឆ្នាំ១៩៩១នោះ នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Norwich ក្នុងការប្រកួតជុំទី៥ នៅសប្តាហ៍ទី១នៃខែមីនា។

ជាមួយនឹងការមានបំណងក្នុងការឈ្នះពានជាលើកទី១ ក្រោមរជ្ជកាលដឹកនាំរបស់ខ្លួន លោក Mourinho ដែលបានចូលជំនួសលោក Mauricio Pochettino កាលពីដើមរដូវកាលនេះ នឹងមានអារម្មណ៍ធូរស្រាលដែលក្រុម Tottenham បានគេចផុតពីការធ្លាក់ចេញដ៏មិននឹកស្មានដល់ ពីយុទ្ធនាការនេះ ដែលលោកមិនធ្លាប់បានឈ្នះសោះ បើគិតចាប់តាំងពីបានឈ្នះជាមួយនឹងក្រុម Chelsea កាលពីឆ្នាំ២០០៧៕

ប្រភពព័ត៌មាន៖ Channel News Asia