ខ្សែប្រយុទ្ធ Cristiano Ronaldo មិនបានស៊ុតបាល់បញ្ចូលទីឡើយ ខណៈដែលគ្រាប់បាល់បញ្ចូលទីរបស់ Lucas Tousart បានជួយឲ្យក្រុម Lyon ដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ១-០ លើក្រុម Juventus ក្នុងការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ ក្នុងប្រទេសបារាំង កាលពីថ្ងៃពុធ។

ខ្សែបម្រើ Tousart បានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅជិតបញ្ចប់ប្រអប់ទី នៅនាទី ទី៣១ ដើម្បីជួយឲ្យក្រុម Lyon មានគ្រាប់បាល់នាំមុខដើម្បីការពារ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទីក្រុង Turin សម្រាប់ការប្រកួតជើងទី២ នៅថ្ងៃទី១៧ ខែមីនា។

គ្រាប់បាល់នោះបានកើតឡើង ស្របពេលដែលខ្សែការពារ Matthijs de Ligt របស់ Juventus ត្រូវដើរចេញពីទីលាន ដើម្បីទទួលការព្យាបាល ប៉ុន្តែ គ្រាប់បាល់នេះគឺជារង្វាន់សម្រាប់ការបង្ហាញពីទម្រង់លេងយ៉ាងល្អនៅតង់ទី១ ពីសំណាក់ក្រុម Lyon ដែលកំពុងជួបភាពត្រដាបត្រដួសក្នុងក្របខ័ណ្ឌ Ligue 1។ បន្ទាប់មក ពួកគេបានគេចផុតពីការដាក់សម្ពាធរបស់ក្រុម Juventus ដើម្បីកត់ត្រាជ័យជម្នះដ៏កក់ក្តៅបំផុតរបស់ពួកគេក្នុងក្របខ័ណ្ឌអឺរ៉ុប បើគិតចាប់តាំងពីផ្តួលក្រុម Manchester City ក្នុងវគ្គចែកពូល កាលពីរដូវកាលមុន។

ក្រុមរបស់លោក Maurizio Sarri កំពុងតែមានមហិច្ឆតាក្នុងការឈ្នះពានកំពូលអឺរ៉ុបនេះ ក្រោយពី Juventus មិនធ្លាប់ឈ្នះសោះជិត១/៤សតវត្សរ៍ ប៉ុន្តែ ពួកគេមិនអាចរកបានគ្រាប់បាល់ក្រៅដីដ៏សំខាន់ឡើយ៕

វីដេអូ៖

ប្រភពព័ត៌មាន៖ Channel News Asia