យោង​តាម​របាយការណ៍​ចុងក្រោយ Lionel Messi និង​មិត្ត​រួម​ក្រុម Barcelona ទាំងអស់​អាច​ត្រូវ​ធ្វើតេស្ត​ពិនិត្យ​រក​ Coronavirus បន្ទាប់ពី​ពួកគេ​ទៅដល់​ទីក្រុង Naples នៃ​ប្រទេស​អ៊ីតាលី​មុន​ជួប Napoli នៅ​ជើង​ទី​១ ​នៃ​ពានរង្វាន់ UEFA Champions League 2019-20 វគ្គ ១៦​ក្រុម​ចុងក្រោយ​។

​​Coronavirus នៅ​ក្នុង​ប្រទេស​អ៊ីតាលី ​ស្រាប់​តែ​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន ៣​នាក់​រួច​ទៅ​ហើយ ​ខណៈ​ដែល​ការប្រកួត Serie A ចំនួន ៤​ប្រកួត​រួម​ទាំង​ការប្រកួត​របស់ Inter Milan ជាមួយ Sampdoria ​ត្រូវ​បាន​ពន្យារ​ពេល​ផង​ដែរ​។​

​ខណៈ​ដែល​ទីក្រុង Naples មិនបាន​រង​ផល​ប៉ះពាល់​ពី​វីរុស​នេះ ​ក្រសួង​សុខាភិបាល​អ៊ីតាលី​បាន​បញ្ជាក់​ថា ​វា​ជា​ការ​ចាំបាច់​សម្រាប់​អ្នកដំណើរ​ទាំងអស់ ​ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​ដែល​មានន័យថា Messi និង​មិត្ត​រួម​ក្រុម​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​រាងកាយ​រប​ស់​ពួកគេ​ នៅ​ពេល​មកដល់​ព្រលាន​យន្តហោះ​នៅ​ថ្ងៃ​ច័ន្ទ​។ ​ការប្រកួត​រវាង​ម្ចាស់ផ្ទះ Napoli ជួប​ជាមួយ Barcelona គ្រោង​ធ្វើឡើង​យប់​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ Credit: BTV