វីរបុរសក្រុមអ្នកមានបុណ្យ Barcelona កីឡាករខ្សែការពារកណ្តាល Carles Puyol បានបញ្ជាក់ប្រាប់ថាអតីតមិត្តរួមក្រុមតារាឆ្នើម Lionel Messi និងអាចមានសមត្ថភាពលេងបាល់ទាត់អាជីពរហូតដល់រូបគេឈានចូលដល់វ័យ ៣៨ ឆ្នាំឯណោះដោយយោងការដកស្រង់ពីគេហទំព័រ Goal បានចុះផ្សាយ។

Messi កំពូលខ្សែប្រយុទ្ធស្លាបសញ្ជាតិអាហ្សង់ទីនរូបនេះនឹងឈានដល់វ័យ ៣៣ឆ្នាំនៅ ខែមិថុនា ២០២០ ខាងមុខនេះ ជាមួយនិងទម្រង់លេងដ៏ទាក់ទាញនៅលីកកំពូលអេស្បាញ La Liga រដូវកាលនេះ ក្រោយរកបាន ១៤ គ្រាប់និងចែកបាលល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ១២ដង ក្នុងការបង្ហាញខ្លួន ១៩ ប្រកួតកន្លងមក។

និយាយដល់គូប្រជែងដ៏យូរអង្វែងគឺ Cristiano Ronaldo ក៏នៅតែអាចរកគ្រាប់បាល់បានជារឿយៗអោយ Juventus ទោះបីជាឈានដល់វ័យជ្រេ៣៥ ឆ្នាំយ៉ាងណាក្តី ក៏ប៉ុន្តែសមាជិកជ័យលាភី World Cup ២០១០របស់ក្រុមគោជល់អេស្បាញដែលឈានចូលវ័យ៤២ឆ្នាំរូបនេះនៅតែគាំទ្រ Messi ថានិងនៅបន្តអាជីព យ៉ាងតិច៥រដូវកាលទៀតឯណោះ៕

ប្រភព៖ Goal