គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Lionel Messi នៅពេលប្រកួតជាមួយនឹងក្រុម Granada បានជួយឲ្យគ្រូបង្វឹកថ្មីលោក Quique Setien ឈ្នះនៅថ្ងៃបើកឆាក កាលពីថ្ងៃអាទិត្យ ប៉ុន្តែ វាមិនមែនជាការបង្ហាញពីទម្រង់លេងប្រកបដោយការជឿជាក់ពីសំណាក់ក្រុមម្ចាស់ជើងឯក La Liga មួយនេះឡើយ។

Barca បានគ្រប់គ្រងបានច្រើនជាងរហូតដល់ទៅ៨០% ប៉ុន្តែ ពួកគេពិបាកក្នុងការបង្កើតឲ្យមានឱកាសល្អនៅពីមុខទីណាស់។ បច្ចេកទេសរៀបចំក្រុមរបស់លោក Setien សម្រាប់តំបន់ប្រយុទ្ធនៃក្រុម Barcelona គឺការសាកល្បងការកែបាល់នៅតំបន់កណ្តាលនៃខ្សែការពារ ប៉ុន្តែ ពួកគេហាក់ដូចជាមិនមានភាពស្រួចឡើយពេលព្យាយាមអូសបាល់ចូលក្នុងប្រអប់គ្រោះថ្នាក់។

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Messi នៅនាទី ទី៧៦ បានជួយឲ្យក្រុម Barcelona ដណ្តើមបានជ័យជម្នះក្នុងការប្រកួតដ៏តានតឹងនាកីឡដ្ឋាន Camp Nou និងបានការពារមិនឲ្យការចាប់ផ្តើមនូវរជ្ជកាលថ្មីរបស់លោក Setien ក្លាយជាថ្ងៃដ៏ខកចិត្ត។ ជ័យជម្នះនេះក៏បានជួយឲ្យក្រុម Barca ឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga វិញផងដែរ ក្រោយពីក្រុម Real Madrid បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ១ ជាបណ្តោះអាសន្ន បន្ទាប់ពីបានផ្តួលក្រុម Sevilla កាលពីថ្ងៃសៅរ៍៕

ប្រភពព័ត៌មាន៖ BBC