Takumi Minamino កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់គ្រូបង្វឹក Liverpool លោក Jurgen Klopp បន្ទាប់ពីកីឡាករអន្តរជាតិជប៉ុន​រូបនេះបានបង្ហាញទម្រង់លេងរយៈពេល ៧០ នាទីក្នុងការប្រកួតក្របខណ្ឌ FA Cup ដោយយកឈ្នះ Everton ក្នុងលទ្ធផល ១-០​ កាលពីថ្ងៃ​អាទិត្ត្យសប្តាហ៏មុន។

អតីតខ្សែប្រយុទ្ធ Salzburg រូបនេះនិងក្លាយជាកីឡាករជប៉ុនទី ៩ ដែលមានវត្តមានលេងនៅលីកកំពូលអង់គ្លេសពេល Liverpool ជួប Tottenham នៅថ្ងៃសៅរ៍នេះ។ ខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរពីសំណាក់ប្រិយមិត្តគាំទ្រនៅលើទីលាន​ក៏ដូចជានៅ​លើ​សកល​លោកជាពិសេសគឺទីផ្សារនៅប្រទេសជប៉ុននិងទ្វីបអាស៊ី។

អ្នកជំនាញហិរញ្ញវត្ថុបាល់ទាត់លោក Kieran Maguire និងជាសាស្រ្តាចារ្យ សាកលវិទ្យាល័យ Liverpool បានពណ៌នាថាៈទីផ្សារអាស៊ីអាច​ជាទីផ្សារអន្តរជាតិធំបំផុតសម្រាប់ក្លឹប Premier League ។ Real Madrid និង Barcelona ជាក្លឹបបាល់ទាត់នៅលីកកំពូលអឺរ៉ុប​ដែលមាន​ប្រជាប្រិយបំផុតនៅជប៉ុនប៉ុន្តែខ្ញុំគិតថា Liverpool នឹងក្លាយជាក្លឹបបន្ទាប់ពីក្លឹអេស្ប៉ាញទាំងនេះបន្ទាប់ពីនាំយក Minamino មកបណ្តុះបណ្តាល ។

ចំណាយពេល ៤ ឆ្នាំលេងនៅលីកកំពូលអូទ្រីស Minamino រកបាន ៦៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩២ លើកអោយក្លឹប Salzburg មុន​ពេល​ផ្ទេរទៅកីឡាដ្ឋាន Anfield ក្នុងតម្លៃ ៧.២៥ លានផោនជាមួយការបង្ហាញខ្លួនលើកដំបូងធ្វើអោយទស្សនិកជនស្រលាញ់និងតាម​ដានមើល​រាល់​សកម្មភាព​របស់គេយ៉ាងជក់ចិត្ត។

ប្រភព:BBC