ក្រុម Lazio បានផ្តួលសេះបង្កង់ Juventus ក្នុងលទ្ធផល ៣-១ ដែលជាជ័យជម្នះជាលើកទី២របស់ពួកគេលើក្រុមយក្សនៅទីក្រុង Turin មួយនេះ ក្នុងរយៈពេលច្រើនជាង២សប្តាហ៍ ដើម្បីឈ្នះពាន Supercup របស់អ៊ីតាលី កាលពីថ្ងៃអាទិត្យ ដែលជាជំនួបប្រចាំឆ្នាំរវាងក្រុមម្ចាស់ជើងឯក Coppa Italia និងក្របខ័ណ្ឌ Serie A។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី២ ពីសំណាក់កីឡាករ Senad Lulic និង Danilo Cataldi បានជួយឲ្យក្រុម Lazio ទទួលជ័យជម្នះក្នុងការប្រកួតនេះ ដែលត្រូវបានរៀបចំឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា។

Lazio ក៏បានផ្តួលក្រុម Juventus ក្នុងលទ្ធផល ៣-១ ផងដែរ ក្នុងការប្រកួតក្របខ័ណ្ឌ Serie A កាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅ ដើម្បីធ្វើឲ្យគូប្រកួតរបស់ពួកគេរងបរាជ័យជាលើកទី១ក្រោមការដឹកនាំរបស់លោក Maurizio Sarri។ ការប្រកួតដណ្តើមពាន Supercup នេះ ជារឿយៗត្រូវបានរៀបចំឡើងនៅបរទេស ហើយក៏ធ្លាប់ត្រូវបានរៀបចំឡើងនៅប្រទេសចិន សហរដ្ឋអាមេរិក លីប៊ី និងកាតា ផងដែរ៕

ប្រភពព័ត៌មាន៖ Channel News Asia

វីដេអូ៖