លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Tottenham Hotspur បាននិយាយថា លោកនឹងប្រើប្រាស់ការប្រកួតបង្គ្រប់កិច្ចក្នុងក្របខ័ណ្ឌ Champions League ពូល B នៅលើទឹកដីក្រុម Bayern Munich នៅរាត្រីនេះ ជាឱកាសនៃការធ្វើឲ្យស្គាល់ក្រុមថ្មីរបស់លោកកាន់តែច្បាស់។

លោក Mourinho បានចូលកាន់តំណែងក្នុងក្លិប Spurs កាលពីខែមុន បន្ទាប់ពីការបណ្តេញលោក Mauricio Pochettino ចេញពីតំណែង និងបានដឹកនាំឲ្យពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-២ លើក្រុម Olympiakos Piraeus ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយ។

ប៉ុន្តែ ស្របពេលដែលក្រុម Bayern នាំមុខ៥ពិន្ទុលើក្រុមស្ថិតក្នុងទីក្រុងឡុងដ៍មួយនេះ នៅលើកំពូលតារាងនៃពូល វាគ្មានអ្វីដែលត្រូវដណ្តើមយកនាកីឡដ្ឋាន Allianz Arena ឡើយ ហើយលោក Mourinho បានសម្រេចឲ្យកីឡាករក្នុងជម្រើសដំបូងជាច្រើនសម្រាកនៅឯកផ្ទះ។ កីឡាករ Dele Alli, Serge Aurier, Harry Kane និង Jan Vertonghen សុទ្ធសឹងមិនបានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ឡើយ ហើយ Spurs នឹងប្រើប្រាស់ក្រុមកីឡាករដែលគ្មានបទពិសោធ ស្របពេលដែលកីឡាករជាច្រើនផ្សេងទៀត ត្រូវអវត្តមានដោយសារតែរបួស។

កីឡាករ Ben Davies (របួសកជើង), Erik Lamela (របួសសរសៃពួរគន្លាក់ជើង), Hugo Lloris (កែងដៃ), Tanguy Ndombele (ក្រលៀន), Michel Vorm (សាច់ដុំកំភួនជើង) និង Harry Winks (របួសកងជើង) សុទ្ធសឹងត្រូវអវត្តមាន។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Mourinho បានបញ្ជាក់ថា លោកនឹងមិនចាត់ទុកការប្រកួតនេះជាការប្រកួតលេងសើចឡើយ៕

ប្រភពព័ត៌មាន៖ Channel News Asia