Lionel Messi រកគ្រាប់បាល់បញ្ចូលទីHat-trick ដែលក្នុងនោះបានរាប់បញ្ចូលបាល់ហ្វ្រីឃីកយ៉ាងអស្ចារ្យចំនួន ២ គ្រាប់ខណៈដែលក្រុមម្ចាស់ជើងឯកបាសេឡូណាបានផ្តួលក្រុមភ្ញៀវ Celta Vigo នៅក្នុងការប្រកួតក្របខណ្ឌ La Ligaសប្តាហ៏ទី១២ក្នុងលទ្ធផល៤ទល់និង១ ។កំពូលខ្សែប្រយុទ្ធឆ្នើមអន្តរជាតិអាហ្សង់ទីន Messi បានរកគ្រាប់បាល់បើកឆាកដំបូងដោយបាល់ពិន័យម៉ែត្រនៅនាទីទី២៣ បន្ទាប់ពីខ្សែការពារ Joseph Aidoo របស់ក្រុមCelta Vigo ធ្វើអោយដៃប៉ះបាល់ ក្រោយពីការបញ្ជូន របស់ Junior Firpo ។

កីឡាករ Lucas Olaza បានព្យាយាមរកគ្រាប់បាល់តាមស្មើដោយការស៊ុតពីចំងាយយ៉ាងល្អសម្រាប់ក្រុមភ្ញៀវនៅនាទ៤២ មុនពេល Messi រកបានគ្រាប់បាល់ហ្រ្វីឃីកដ៏ល្អដើម្បីបំប៉ោងសំណាញ់និងធ្វើបានស្រដៀងគ្នាដោយការស៊ុតហ្រ្វីឃីកលើកទី២នៅ ៤ នាទីក្រោយមកទៀត ជួយអោយក្រុមលោក Ernesto Valverde នាំមុខ៣ទល់និង១ មុនខ្សែបម្រើជើងចាស់អេស្បាញ Sergio Busquets បន្ថែមគ្រាប់បាល់ទី ៤អោយក្រុមម្ចាស់ផ្ទះ ។បញ្ចប់លទ្ធផលប្រកួតក្រុម Barcelona ៤:១ Celta Vigo។

សម្រាប់ការប្រកួត១គូទៀត Real Madrid បានបំបាក់ក្រុម Eibar ៤-០ ដើម្បីឡើងមកឈរនៅលេខរៀងទី ១ដោយមានពិន្ទុស្មើគ្នាគឺ២៥ ជាមួយ Barcelona ប៉ុន្តែអាស្រ័យលើភាពខុសគ្នានៃគ្រាប់បាល់ដែល Barcelona ស៊ុតចូលច្រើនជាងចំនួន២គ្រាប់បាល់ដូច្នេះក្រុមអ្នកមានបុណ្យមានឪកាសឈរទីកំពូលតារាង។