ក្របខ័ណ្ឌលីកកំពូលអង់គ្លេស Premier League បានចេញមកពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយរបស់ខ្លួនស្តីអំពីមូលហេតុដែលខ្សែប្រយុទ្ធឆ្នើម Son Heung-Min ត្រូវបានបណ្តេញចេញពីការប្រកួត បន្ទាប់ពីរូបគេបានធ្វើការស្លាយបាល់នាំអោយខ្សែបម្រើ-ប្រយុទ្ធ Andre Gomes របស់ក្រុម Everton រងរបួសរហូតដល់បាក់កជើងស្តាំយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការនោះបានបញ្ជាក់លំអិតក្រោយបញ្ចប់ការប្រកួតក្នុងលទ្ធផល ១ទល់នឹង១ រវាងក្រុមទំាងពីរថា៖ មូលហេតុដែលផ្តល់អោយ Son នូវកាតក្រហមនោះគឺ ព្រោះតែរូបគេបានធ្វើអោយកីឡាករដែលមានសុវត្ថិភាព និងសុខភាពល្អ ធ្លាក់ចូលទៅក្នុងភាពគ្រោះថ្នាក់ពីការប្រជែងរបស់គេ។

បើយើងពិនិត្យលើស្ថានភាពជាក់ស្តែង បើទោះបីជា Andre Gomes ហាក់ដូចជាបានរងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ទៀតជាមួយខ្សែការពារ Aurier ក៏ដោយ ក៏ Son ត្រូវបានបណ្តេញចេញពីការប្រកួតនេះ ខណៈពេលនោះក៏មានការប្រតិកម្មកើតឡើងចំពោះ Son សម្រាប់ការបង្កហេតុដំបូងដែលធ្វើអោយអតីតកីឡាករក្រុម Barcelon សញ្ជាតិព័រទុយហ្គាល់(Gomes) រងរបួសដោយការឈឺចាប់នោះ។

ការពិតមិនត្រឹមតែ Son ប៉ុណ្ណោះទេដែលមិនអាចទប់ទឹកភ្នែកបាន ប៉ុន្តែកីឡាករ Aurier ក៏មិនអាចលាក់បាំងនៅអារម្មណ៏ ក្រៀមក្រំរបស់ខ្លួន បានដែរក្រោយពីកីឡាកររួមអាជីពដូចគ្នារងរបួសស្របពេលមិត្តរួមក្រុមមាន់ខ្នាយមាស Tottenham ដទៃទៀតបានប្រាប់អោយដឹងថា Son ពិតជាអាក់អន់ស្រពន់ចិត្ត និងទង្វើរបស់គេ ហើយគាត់គឺជាមនុស្សដែលមានសណ្តានចិត្តល្អម្នាក់។