ខ្សែការពារ Gerard Pique បានបញ្ជាក់ថា កីឡាកររបស់ក្រុម Barcelona បានដាក់សំណើឲ្យផ្លាស់ប្តូរកុងត្រារបស់ពួកគេ ដើម្បីជួយឲ្យក្លិបនេះ អាចទិញយក Neymar ពីក្លិប Paris Saint-Germain កាលពីរដូវក្តៅមុន។ Barca បានព្យាយាមនាំយក Neymar ត្រឡប់មកវិញ ក្រោយពីបានលក់ទៅឲ្យក្លិប PSG ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកចំនួន២២២លានអឺរ៉ូ (ស្មើនឹង២៤៩លានដុល្លារអាមេរិក) កាលពីឆ្នាំ២០១៧ ប៉ុន្តែ ក្លិបទាំង២ មិនអាចឈានដល់ការព្រមព្រៀងគ្នាឡើយ។

កីឡាករសំខាន់ៗ ក្នុងនោះរាប់បញ្ចូលទាំង Lionel Messi ពិតជាចង់ឲ្យតារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ វិលត្រឡប់មកវិញ ហើយ Pique បានបញ្ជាក់ថា ពួកគេបានព្យាយាមជួយដល់លោក Josep Maria Bartomeu ដែលជាប្រធានក្លិប ដើម្បីបំពេញការផ្ទេរនេះ ឲ្យស្របតាមច្បាប់នៃការប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុដោយយុត្តិធម៌។ Pique បានប្រាប់កាសែត Cadena Ser កាលពីរាត្រីថ្ងៃពុធថា៖ «អ្វីដែលយើងបានស្នើទៅកាន់ប្រធានក្លិបគឺថា យើងអាចផ្លាស់ប្តូរកុងត្រារបស់យើង ពីព្រោះយើងបានដឹងថា វានឹងមានបញ្ហាជាមួយនឹងច្បាប់ប្រកួតប្រជែងដោយយុត្តិធម៌។

យើងអាចផ្ទេរប្រាក់ចំណូលដែលក្លិបជំពាក់ជើងនៅឆ្នាំនោះដោយយើងអាចយកប្រាក់នោះនៅឆ្នាំទី២ ទី៣ និងឆ្នាំទី៤វិញ ហេតុនេះ Neymar អាចចូលរួមជាមួយនឹងក្លិបបាន»។ Neymar ទទួលបានចំណូល៣៨លានអឺរ៉ូ ក្នុង១ឆ្នាំនៅ PSG ហេតុនេះ ការផ្ទេរកីឡាករវ័យ២៧ឆ្នាំរូបនេះ នឹងផ្តល់ភាពស្មុគស្មាញផ្នែកហិរញ្ញវត្ថុ៕

ប្រភពព័ត៌មាន៖ Channel News Asia