ពាក្យចចាមអារាមនៅតែកើតមានឡើងជុំវិញខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Paris Saint Germain កីឡាករ Kylian Mbappe ដែលត្រៀមផ្លាស់ទៅកាន់ក្រុម Manchester City នារដូវក្តៅខាងមុខនេះព្រមជាមួយនឹងថ្នូរនៃការផ្លាស់ប្តូរមកវិញនៅកីឡាករមួយចំនួន ៥។

ប្រភពពីគេហទំព័រ Don Balon បានចុះផ្សាយថាលោក Pep Guardiola គ្រូបង្វឹក Manchester City មានបំណងចង់ចុះហត្ថលេខានាំយកកីឡាករវ័យ ២០ឆ្នាំរូបនេះ ដើម្បីជាកំលាំងថ្មីគោលបំណងប្រជែងគូប្រកួតក្របខ័ណ្ឌ Premier League គឺហង្សក្រហម Liverpool និងសម្លឹងរកឪកាសចង់ឈ្នះ Champions League នៅរដូវកាលក្រោយ។

ប្រភពពីទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញដដែលបានអះអាងបន្ថែមទៀតថាក្រុមមេឃខៀវ Man.City មានឆន្ទៈផ្តល់ជូននូវកីឡាករឆ្នើមដូចជា Leroy Sane, Gabriel Jesus, Riyad Mahrez, Ilkay Gundogan និង Benjamin Mendy ជាថ្នូរដល់ម្ចាស់ជើងឯក PSG ធ្វើការពិចារណា។

ផ្ទុយទៅវិញមានប្រភពមួយចំនួនបានចុះផ្សាយពីតម្លៃខ្លួនដែល PSG បានដាក់សម្រាប់ Mbappe នៅទឹកប្រាក់រហូតដល់ទៅ ៣០០លានផោនដែលជារឿងមួយពិបាកសម្រាប់ក្លឹបធំៗ នៅអឺរ៉ុបមានការរារែកក្នុងការបញ្ចុះបញ្ចូលម្ចាស់ជ័យលាភី World Cup ២០១៨ រូបនេះមករួមក្រុមបាន។