ខ្សែប្រយុទ្ធ Lionel Messi បានរងរបួសបន្ថែមទៀតកាលពីថ្ងៃអង្គារ ក្រោយពីបានប្តូរចេញក្នុងតង់ទី១ ក្នុងពេលប្រកួតជាមួយនឹងក្រុម Villarreal ប៉ុន្តែក្រុម Barcelona បានជួយឲ្យគ្រូបង្វឹករបស់ពួកគេគឺលោក Ernesto Valverde មានការធូរស្រាល តាមរយៈការដណ្តើមបានជ័យជម្នះ ២-១។

Messi បានទទួលការព្យាបាលក្នុងតង់ទី១ ទៅលើបញ្ហាភ្លៅស្តាំរបស់គេ ហើយបន្ទាប់មក មិនអាចបន្តចូលលេងបានឡើយ ក្រោយពីសម្រាកតង់ទី១ ហើយរូបគេត្រូវបានជំនួសដោយខ្សែបម្រើស្លាប Ousmane Dembele។ ការប្តូរចេញរបស់គេ នឹងក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ក្រុម Barca ជាពិសេស ដោយសារតែនេះគឺជាការវិលចូលលេងក្នុងជម្រើសដំបូងវិញរបស់ Messi នៅរដូវកាលនេះ ក្រោយពីទើបតែបានជាសះស្បើយពីបញ្ហារបួសកំភួនជើង ដែលរូបគេបានជួបប្រទះកាលពីដើមខែសីហា។

ប្រសិនបើបញ្ហាថ្មីៗនេះ គឺជារបួសផ្សេងគ្នានេះ លោក Valverde នឹងប្រឈមមុខនឹងសំណួរជុំវិញភាពរឹងមាំរបស់ប្រធានក្រុមលោកសម្រាប់ការវិលចូលលេងវិញ និងសំណួរថា Messi វ័យ៣២ឆ្នាំ វិលចូលលេងវិញឆាប់ពេក ឬយ៉ាងណា។ ពិតណាស់ Barcelona ត្រូវការឲ្យ Messi ចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូង ក្រោយពីបានរងបរាជ័យ ២-០ នៅលើទឹកដីក្រុម Granada កាលពីថ្ងៃសៅរ៍ ដែលជាលទ្ធផលបានធ្វើឲ្យពួកគេមានត្រឹមតែ៧ពិន្ទុប៉ុណ្ណោះ ពីការប្រកួត៥លើក៕

ប្រភពព័ត៌មាន៖ Channel News Asia