ការរកបាន៥ គ្រាប់ក្នុងរយៈពេល ១៨ នាទីដំបូងបានធ្វើអោយក្រុមម្ចាស់ផ្ទះមេឃខៀវ Manchester City ឈានទៅបំបាក់ក្រុមភ្ញៀវ Watford យ៉ាងចាស់ដៃក្នុងលទ្ធផលបញ្ចប់ការប្រកួតមិនអោយតដៃរួច គឺ​៨:0 ដើម្បី​កាត់​​បន្ថយការនាំមុខរបស់ហង្សក្រហម Liverpool នៅកំពូលតារាង Premier League មក​នៅត្រឹម២ពិន្ទុ ស្របពេល Liverpool ត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Chelsea នៅថ្ងៃអាទិត្យនេះ។

ក្រុម Man City បានវិលត្រឡប់ទៅរកភាពខ្លាំងរបស់ខ្លួនវិញក្រោយបរាជ័យចាញ់ Norwich City កាល​​ពីចុងសប្តាហ៍មុនជាមួយនឹងជ័យជម្នះការប្រកួត Champions League ផ្តួល Shakhtar Donetsk កាលពីថ្ងៃពុធមុនពេលលត់ Watford រហូតដល់ទៅ៨គ្រាប់កាល​ពីថ្ងៃសៅរ៏ទី២១កញ្ញា ២០១៩ នេះ ។

លទ្ធផលនៅសប្តាហ៏ទី៦នេះសម្រាប់លោក Pep Guardiola គឺជា ជ័យជម្នះក្នុងលីកជាមួយលទ្ធផល​ច្រើនបំផុតគិត​តាំងពីអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះចូលកាន់តំណែងក្នុងឆ្នាំ ២០១៦ ។
លទ្ធផលផ្តួលក្រុម Ipswich Town ៩:0 ដោយក្រុម Man.United ក្នុងឆ្នាំ ១៩៩៥ នៅតែជាជ័យជម្នះ ដ៏ធំ​​បំផុតក្នុងប្រវត្តិសាស្រ្ត Premier League ខណៈMan. City ជាក្រុមទី ៧ ដែល រកបាន ៨ គ្រាប់ នៅ​ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ។