ខ្សែប្រយុទ្ធ Fernando Llorente បានតឿនរំឭកថា រូបគេកំពុងតែសម្លឹងរកការសងសឹកទៅលើក្រុម Liverpool ក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League របស់ក្រុម Napoli នៅរាត្រី នេះ ក្រោយពីបានរងបរាជ័យក្រោមស្នាដៃក្រុមហង្សក្រហម ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ជាមួយនឹងអតីតក្លិបរបស់គេ Tottenham។

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ៣៤ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល២ឆ្នាំជាមួយនឹងក្រុមរបស់លោក Carlo Ancelotti នៅរដូវក្តៅនេះ ក្រោយពីត្រូវបានអនុញ្ញាតឲ្យចាកចេញដោយក្លិប Tottenham ហើយរូបគេកំពុងតែមានបំណងក្នុងការប៉ះប៉ូវចំពោះការចាញ់របស់ក្រុម Spurs ក្នុងទីក្រុងម៉ាឌ្រីដ។

Llorente បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Naples ថា៖ «វាគឺជាដ៏ឈឺចាប់ក្នុងការចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ពិតណាស់ ខ្ញុំចង់ធ្វើការសងសឹក ប៉ុន្តែ វាជាឱកាសដ៏ពិសេសក្នុងការបង្ហាញថា យើងអាចស្ថិតក្នុងកម្រិតក្នុងនាមជាក្រុមមួយដែលខ្លាំងដូចក្រុម Liverpool»។ Liverpool បានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ២លើកចុងក្រោយ ដោយបានផ្តួលក្រុម Tottenham នៅរដ្ឋធានីអេស្ប៉ាញ កាលពីខែមិថុនា ក្រោយពីចាញ់ក្រុម Real Madrid ក្នុងរយៈពេល១២ខែមុននេះ។

ប៉ុន្តែ ក្រុមរបស់លោក Jurgen Klopp បានរងបរាជ័យក្នុងការប្រកួតបើកឆាកក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Napoli កាលពីរដូវកាលមុន ដោយសារតែគ្រាប់បាល់ឈ្នះរបស់ Lorenzo Insigne ហើយលោក Ancelotti បានបញ្ជាក់ថា ក្រុមរបស់លោក បានរៀនពីកំហុសផ្សេងៗកាលពីរដូវកាលមុន ដែលនៅពេលនោះពួកគេបានខកខានក្នុងការឆ្លងផុតវគ្គចែកពូលមួយដែលប្រជុំដោយក្រុមខ្លាំងៗ៕

ប្រភពព័ត៌មាន៖ worldsoccertalk